Inter ឈ្នះលីគកំពូលអ៊ីតាលី លើកទី១៩ តែនៅគម្លាតឆ្ងាយពី Juventus ជិតពាក់កណ្ដាល

មាស សុផាណារ៉ុង May 3, 2021


 

អ៊ីតាលី៖ ក្រុម Inter Milan កាលពីយប់ថ្ងៃទី០២ ឧសភា ម្សិលមិញ បានឈ្នះពានលីគកំពូលអ៊ីតាលី ជាផ្លូវការហើយ បន្ទាប់ពីគូប្រជែងចុងក្រោយ Atalanta ប្រកួតស្មើជាមួយក្រុមលេខ៨ Sassuolo ១ទល់១ ដែលជាហេតុនាំឲ្យ Inter Milan ដាច់ ១៣ពិន្ទុពីក្រុមលេខ២ ខណៈការប្រកួតនៅសល់តែ ៤ប្រកួតទៀតនឹងបញ្ចប់។

ចំពោះការឈ្នះរបស់ Inter Milan នាពេលនេះវិញ គឺជាការឈ្នះលើកដំបូងរបស់គេគិតចាប់តាំងពីឆ្នាំ២០១០ ហើយក៏ជាការបញ្ចប់ការឈ្នះលីគ Serie A រយៈពេល ៩ឆ្នាំជាប់ៗគ្នារបស់ក្រុមសេះបង្កង់ Juventus ផងដែរ។

យ៉ាងណាមិញ គិតមកទល់ពេលនេះ Inter Milan ទើបតែឈ្នះលីគកំពូលអ៊ីតាលី បានចំនួន ១៩លើកប៉ុណ្ណោះ ដែលនៅមានគម្លាតឆ្ងាយពី Juventus រហូតដល់ជិតពាក់កណ្ដាល ពោលគឺបច្ចុប្បន្ន ក្រុមរហស្សនាមសេះបង្កង់ ឈ្នះរហូតដល់ ៣៦ដង ចាប់តាំងពីលីគបង្កើតឡើងនៅឆ្នាំ១៨៩៨ ហើយវិវត្តន៍ខ្លួនទៅជាលីគលេងវិលជុំ នៅឆ្នាំ១៩២៩ មក។

និយាយជារួម Juventus ឈ្នះច្រើនជាងគេ ៣៦ដង, Inter Milan ១៩ដង, AC Milan ១៨ដង, Genoa ៩ដង, Torino, Bolonga និង Pro Vercelli ៧ដងដូចគ្នា, Roma ៣ដង, Napoli, Lazio និង Fiorentina ២ដងៗដូចគ្នា និង Cagliari, Casale Novese, Hellas Verona និង Sampdoria សុទ្ធតែធ្លាប់ឈ្នះម្ដងៗដូចគ្នា៕

មតិយោបល់