Man City និង Inter ត្រៀមលើកពានស្វ័យប្រវត្តិរៀងៗខ្លួន បើក្រុមលេខ២ ចាញ់យប់នេះ

មាស សុផាណារ៉ុង May 2, 2021


 

អ៊ឺរ៉ុប៖ ក្រុម Manchester City (នៃលីគកំពូលអង់គ្លេស) និងក្រុម Inter Milan (នៃលីគកំពូលអ៊ីតាលី) បាននឹងកំពុងត្រៀមលើកពានលីគតាមប្រទេសរៀងៗខ្លួនដោយស្វ័យប្រវត្តិ ប្រសិនបើក្រុមលេខ២ ប្រកួតចាញ់នៅយប់នេះ។

ទាំង Man City និង Inter Milan កាលពីយប់មិញក្នុងជំនួបសប្ដាហ៍ទី៣៤ បានរកជ័យជម្នះរៀងៗខ្លួន ដើម្បីបង្កើនពិន្ទុក្នុងតារាងចំណាត់ថ្នាក់ ជាក់ស្ដែង Man City បានយកឈ្នះ Crystal Palace ០-២ ស្របពេលដែល Inter បានយកឈ្នះក្រុមបាតតារាង Crotone ០-២ ដូចគ្នា ទទួលបាន ៣ពិន្ទុដ៏មានសារៈសំខាន់បំផុត។

ចំពោះលក្ខខណ្ឌដែលនាំឲ្យក្រុមទាំងពីរ អាចលើកពានដោយស្វ័យប្រវត្តិរៀងៗខ្លួននៅយប់នេះ ជាមួយនឹងការអាស្រ័យលើការប្រកួតរបស់ក្រុមលេខ២ នោះគឺបន្ទាប់ពីពិន្ទុកាន់តែដាច់ឆ្ងាយ ដ្បិតការប្រកួតក៏នៅសល់តិច ត្រឹម ៤ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់។

  • Manchester City៖

នៅក្នុងក្របខណ្ឌ Premier League ក្រុមមេឃខៀវ Man City កំពុងនាំមុខក្រុមលេខ២ Man United ដល់ទៅ ១៣ពិន្ទុ ខណៈការប្រកួតយប់នេះ ​Man United ត្រូវជួប Liverpool ហើយប្រសិនបើ Man United ចាញ់នោះ Man City នឹងឈ្នះជើងឯកលីគកំពូលអង់គ្លេសសារជាថ្មីក្រោយខកខាន ១រដូវកាល ដោយសារដាច់ពិន្ទុ​ដល់ទៅ ១៣ពិន្ទុ គ្រាដែលការប្រកួតនៅសល់តែ ៤ប្រកួតនឹងបញ្ចប់។

១៣ពិន្ទុ ជាមួយនឹងចំនួនប្រកួតដែលនៅសេសសល់តែ ៤ប្រកួត បានសេចក្ដីថាទោះ Man City ចាញ់ទាំង ៤ប្រកួតដែលនៅសេសសល់ ក៏គេនៅតែមានគម្លាតពិន្ទុ ១ពិន្ទុលើក្រុមលេខ២ Man United ករណីគេឈ្នះទាំង ៤ប្រកួតចុងក្រោយផងដែរ។

  • Inter Milan៖

ដោយឡែកចំពោះ Inter Milan វិញ ក៏មិនខុសគ្នាពី Man City ដែរ ដោយស្ថិតក្នុងស្ថានភាពដាច់ពិន្ទុ ១៣ពិន្ទុដូចគ្នា ធៀបទៅនឹងក្រុមលេខ២ AC Milan ប៉ុន្តែនៅមានក្រុមដែលសល់ការប្រកួតយប់នេះ Atalanta ប្រសិនបើគេឈ្នះ នឹងបន្តដេញតាមពីក្រោយ ១១ពិន្ទុ នៅបន្តអ៊ុតបន្តទៀត ប៉ុន្តែបើចាញ់នោះ Inter Milan នឹងឈ្នះពាន Serie A ជាលើកដំបូងគិតចាប់តាំងពីពេលឈ្នះលើកចុងក្រោយ កាលពីឆ្នាំ២០១០។

Atalanta យប់នេះត្រូវជួបក្រុមលេខ៨ Sassuolo នៅវេលាម៉ោង ១០យប់ (ម៉ោងនៅកម្ពុជា)។

មតិយោបល់