AFC Champions League (អាស៊ីខាងលិច) បញ្ចប់ការប្រកួតវគ្គចែកពូលជាផ្លូវការ

មាស សុផាណារ៉ុង May 1, 2021


 

អាស៊ី៖ ការប្រកួតពានរង្វាន់ក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី លំដាប់កំពូល (AFC Champions League) សម្រាប់តំបន់អាស៊ីភាគខាងលិច បានបញ្ចប់ការប្រកួតក្នុងវគ្គចែកពូល ជាផ្លូវការហើយត្រឹមយប់ថ្ងៃសុក្រ ទី៣០ មេសា ម្សិលមិញ។

ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ មានក្លិបធំៗមួយចំនួនប្រចាំតំបន់ បានបាត់បង់ឱកាសរបស់គេ ដូចជាក្រុម Al Sadd SC និង Al Duhail SC របស់កាតា, Al Ahli Saudi FC របស់អារ៉ាប៊ីសាអូឌីត ក្នុងចំណោមក្រុមជ្រុះចេញពីការប្រកួត។

ក្រុមដែលបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយមានដូចខាងក្រោម៖ 

ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ (សម្រាប់តំបន់អាស៊ីខាងលិច) នឹងឃើញក្រុម FC Istiklol របស់តាហ្ស៊ីគីស្ថាន នឹងតតាំងជាមួយក្រុម Persepolis FC របស់អ៊ីរ៉ង់, ក្រុម Sharjah ប្រកួតជាមួយ Al Wahda FSCC ដែលជាក្រុមអារ៉ាប់រួមដូចគ្នា, ក្រុមរបស់អ៊ីរ៉ង់ Esteghlal ប្រឈមនឹងម្ចាស់ជើងឯកឆ្នាំ២០១៩ Al Hilal SFC នៃអារ៉ាប់ប៊ីសាអូឌីត និង Al Nassr របស់អារ៉ាប៊ីសាអ៊ូឌីត នឹងប្រកួតជាមួយ Tractor FC របស់អ៊ីរ៉ង់។

ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ និងវគ្គ ៨ក្រុមចុងក្រោយ (១/៤ ផ្តាច់ព្រ័ត្រ) គ្រោងនឹងធ្វើការប្រកួតនៅខែកញ្ញា ខាងមុខ ខណៈធ្វើឡើងតែ ១ជើងប៉ុណ្ណោះ។

តែសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវប្រកួត ២ជើង (ក្នុងដី និងក្រៅដី) ដោយការប្រកួតសម្រាប់ក្រុមទាំង ៤ចុងក្រោយនោះ នឹងត្រូវធ្វើឡើងនៅខែតុលា និងវគ្គផ្តាច់ព្រ័ត្រនៅខែវិច្ឆិកា ឆ្នាំ២០២១។

សូមបញ្ជាក់ថា ក្រុមនៅតំបន់អាស៊ីខាងលិច នេះនឹងត្រូវប្រកួតរហូតដល់អាចស្វែងរកក្រុមដែលឈ្នះនៅវគ្គផ្ដាច់ព្រ័ត្រ​ ប្រចាំតំបន់អាស៊ីខាងលិច រួចទើបមកប្រកួតជាមួយក្រុមឈ្នះវគ្គផ្ដាច់ព្រ័ត្រ នៅតំបន់អាស៊ីខាងកើត ដែលបច្ចុប្បន្នពុំទាន់ប្រកួតនៅឡើយទេ (តំបន់អាស៊ីខាងកើត នឹងចាប់ផ្ដើមប្រកួតវគ្គចែកពូល រវាងចន្លោះចុងខែមិថុនា ដល់ដើមខែកក្កដា លើទឹកដីកណ្ដាល ដែលមានទាំងអស់ ៥ពូល)៕

មតិយោបល់