Champions League វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅប្រទេសទួគី ក្រោយម្ចាស់ផ្ទះបញ្ចប់ការបិទខ្ទប់

មាស សុផាណារ៉ុង May 1, 2021


 

ឡុងដ៍៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុ បានប្រកាសកាលពីម្សិលមិញថា កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនៃ UEFA Champions League នឹងធ្វើឡើងនៅពហុកីឡដ្ឋាន Ataturk Olympic Stadium ស្ថិតនៅរដ្ឋធានីអុីស្តង់ប៊ុល នៃប្រទេសទួគី នាថ្ងៃទី២៩ ខែឧសភា ពោលគឺក្រោយពីប្រទេសនេះបញ្ចប់ការបិទខ្ទប់របស់ខ្លួនចំនួន ១៧ថ្ងៃដើម្បីបញ្ជៀសហានិភ័យនៃការរីករាលដាលវីរុសកូវីដ១៩ សិន។

ក្នុងស្ថានភាពដ៏តានតឹងនេះ UEFA បានបង្ហើបថា មិនមានគម្រោងណាមួយដែលអាចនឹងនាំឱ្យលើកពេលការប្រកួតឡើយ ប៉ុន្តែការរឹតត្បិតមួយចំនួនអាចនឹងត្រូវធ្វើឡើងដូចជាការកំណត់ចំនួនទស្សនិកជនចូលរួមជាដើម។

យ៉ាងណាក៏ដោយ UEFA បានបញ្ជាក់ថា នឹងខិតខំសហការជាមួយអាជ្ញាធរនៃប្រទេសទួគី ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀតដើម្បីធានាថាកម្មវិធីនេះនឹងប្រព្រឹត្តទៅដោយសុវត្ថិភាព ខណៈដែលការជូនដំណឹងផ្លូវការនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ទៀត។

គួររំលឹកថា តាមពិតទៅពហុកីឡដ្ឋាន Ataturk Olympic Stadium ត្រូវធ្វើម្ចាស់ផ្ទះតាំងពីឆ្នាំមុនម្ល៉េះត្រូវលើកពេលដោយសារតែការរាតត្បាតនៃវីរុសកូវីដ-១៩។ ចំពោះលទ្ធផលនៃការប្រកួតវិញគឺពេលនេះគឺសម្រាប់ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Champion League នេះ ជាលទ្ធផលគឺក្រុម Real Madrid និង Chelsea បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ខណៈដែលក្រុម Man City មានទំនុកចិត្តបន្តិចព្រោះបានផ្តួល PSG និងបង្កើនក្តីសង្ឃឹមសម្រាប់ជើងទី២ ជាបន្តទៀត៕

មតិយោបល់