លោក Pep ថាពេញចិត្តទម្រង់លេងខ្លួន ខណៈគ្រូ PSG ថាឈឺចាប់ និងពិបាកទទួលយក

មាស សុផាណារ៉ុង April 29, 2021


 

បារាំង៖ ក្រុមភ្ញៀវ Manchester City បានបង្ហាញភាពខ្លាំងរបស់ខ្លួនបន្ទាប់ពីបានវាយបកក្រុមម្ចាស់ផ្ទះ Paris Saint​ Germain ដើម្បីយកឈ្នះក្នុងលទ្ធផល ២-១ រួចមក​ ជាហេតុនាំឱ្យពួកគេមានទំនុកចិត្តជាងមុនសម្រាប់ការប្រកួតជើងទី២ ក្នុងដីរបស់ខ្លួនដើម្បីកាត់សេចក្តីរកក្រុមខ្លាំងឡើងទៅវគ្គផ្តាច់ព្រ័ត្រ ជាបន្តទៀត។

គ្រូបង្វឹក Man City លោក Pep Guardiola បានថ្លែងថា៖ “ពេលខ្លះយើងត្រូវការពេលដើម្បីសម្រាកបន្តិច ហើយយើងបានផ្លាស់ប្តូរទម្រង់លេង ​និងព្យាយាមដាក់សម្ពាធលើគូប្រកួតជាងមុននៅវគ្គទី២។ ជាការពិតណាស់ វាមិនមែនជារឿងងាយស្រួលទេក្នុងការប្រកួតតទល់នឹងកីឡាករ Neymar, Mbappé និង Di María ដូចនេះ ខ្ញុំពិតជាមានក្តីរីករាយជាមួយនឹងទម្រង់លេងថ្ងៃនេះ។ ដូចដែលអ្នករាល់គ្នាបានដឹង ក្លឹបមួយនេះមិនទាន់ជាមានបទពិសោធន៍ច្រើននៅក្នុងវគ្គនេះទេ ហេតុនេះទើបខ្ញុំចង់ជំរុញឱ្យពួកគេលេងដោយជឿជាក់លើខ្លួនឯងនៅជើងទី២ ហើយត្រូវខិតខំលេងឱ្យបានល្អដូចពេលនេះដែរ។”

ចំពោះលោក Mauricio Pochettino ដែលជាគ្រូបង្វឹកក្រុម PSG វិញបានលើកឡើងថា លោកមានខកចិត្ត ឈឺចាប់ និងពិបាកទទួលយកចំពោះលទ្ធផលនេះ លោកបានអះអាងដែរថា គូប្រកួតបានបង្ហាញនូវភាពខ្លាំងក្លារបស់ខ្លួននៅវគ្គទី២ ដែលនាំឱ្យកូនក្រុមរបស់ខ្លួនមានការលំបាកជាខ្លាំង។

សូបញ្ជាក់ថា សម្រាប់ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Champion League នេះ ជាលទ្ធផលគឺក្រុម Real Madrid និង Chelsea បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ខណៈដែលក្រុម Man City មានទំនុកចិត្តបន្តិចព្រោះបានផ្តួល PSG និងបង្កើនក្តីសង្ឃឹមសម្រាប់ជើងទី២ ជាបន្តទៀត៕

មតិយោបល់