ក្រោយប្រកាសលាឈប់ពី Bayern Munich លោក Hansi Flick កំពុងចរចារឿងដឹកនាំជម្រើសជាតិអាល្លឺម៉ងដ៏

មាស សុផាណារ៉ុង April 28, 2021


 

អាល្លឺម៉ងដ៏៖ ក្រោយប្រកាសលាឈប់ពីក្លិប Bayern Munich លោក Hansi Flick កំពុងចរចារឿងទៅដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ងដ៏។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុក (របស់ប្រទេសអាល្លឺម៉ងដ៏)។

សមាគមបាល់ទាត់អាល្លឺម៉ងដ៏ ឬ The German Football Association (DFB) បានបង្ហើបឱ្យដឹងថា ដំណើរការចរចាជាមួយលោក Hansi Flick ដែលទើបប្រកាសលាឈប់ពីក្រុម Bayern Munich នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ខណៈដែលគ្រូបង្វឹកបច្ចុប្បន្នលោក Joachim Low នឹងត្រូវចាកចេញនារដូវក្តៅនេះពោលគឺក្រោយ European Championships ត្រូវបានបញ្ចប់ជាមួយនឹងស្នាដៃនៃការដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ងដ៏ទៅកាន់វគ្គផ្តាច់ព្រ័ត្រ Euro 2008 និងលើកពាន 2014 FIFA World Cup ផងដែរ។

បើតាម DFB គ្រូបង្វឹក Hansi Flick គឺជាជម្រើសដ៏ល្អមួយសម្រាប់តំណែងនេះប៉ុន្តែថាការចរចានឹងត្រូវពិភាក្សាច្រើនទៀតអំពីភារកិច្ចក៏ដូចជាការទទួលខុសត្រូវផ្សេងក្នុងពេលលោកបំពេញការងារនៅ Bayern Munich ហើយថាអ្វីៗនឹងដំណើរការទៅតាមជំហានៗដែលបានរៀបចំទុក។

ចំណែកកៅអីរបស់លោក Hansi Flick នៅ Bayern Munich នឹងត្រូវជំនួសដោយបុរសវ័យ៣៣ឆ្នាំ គឺលោក Julian Nagelsmann ដែលកំពុងដឹកនាំក្រុម RB Leipzig៕

 

ប្រភព៖ 90min.com

មតិយោបល់