គ្រូថ្មី Bayern Munich និយាយដោយក្តីក្រៀមក្រំ ក្រោយប្រកាសចាកចេញពី RB Leipzig

មាស សុផាណារ៉ុង April 27, 2021


 

អាល្លឺម៉ង់ដ៏៖ នៅទីបំផុតដូចដែលបានរំពឹងទុក លោក Julian Nagelsmann នឹងត្រូវបញ្ចប់មុខងាររបស់ខ្លួននៅក្លឹប RB Leipzig នៅពេលបញ្ចប់រដូវកាល ២០២០/២១ ដើម្បីចូលទៅដឹកនាំក្លឹបយក្ស Bayern Munich វិញជាមួយនឹងតម្លៃនៃការផ្ទេរផ្តាច់កិច្ចសន្យាប្រមាណជា ២៥លានអឺរ៉ូ ឬប្រហែលជាជាង ​៣០លានដុល្លារអាម៉េរិក ដែលជាករណីដ៏កម្រកើតមានបំផុតនៅក្នុងពិភពបាល់ទាត់។

តាមប្រភពពីប្រទេសអាល្លឺម៉ង់ដ៏ គ្រូបង្វឹកលេចធ្លោវ័យ​ ៣៣ឆ្នាំរូបនេះត្រូវបានចុះកិច្ចសន្យាសម្រាប់រយៈពេល ៥ឆ្នាំជាមួយនឹង Bayern Munich ខណៈដែលមានការអះអាងថា លោកក៏ជាបេក្ខភាពដែលក្លឹប Tottenham របស់អង់គ្លេសប្រាថ្នាចង់បានដែរ ប៉ុន្តែសាមីខ្លួនមានបំណងបន្តអាជីពនៅ Bundesliga ច្រើនជាង។

លោកត្រូវបានផ្តល់នាមថាជា “Baby Mourinho” នឹងបានវិវត្តន៍ខ្លួនរហូតអ្នកគាំទ្រមានក្តីរំពឹងថានឹងក្លាយជាគ្រូបង្វឹកដ៏ឆ្នើមម្នាក់នៅទ្វីបអឺរ៉ុប ជាពិសេសបន្ទាប់ពីបានដឹកនាំ RB Leipzig ចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League កាលពីរដូវកាលមុន និងកំពុងតែឈរនៅលេខ២ នៃ Bundesliga រដូវកាលនេះ ពោលគឺបន្ទាប់ពី Bayern Munich នេះផ្ទាល់តែម្តង។


លោក Julian Nagelsmann បានថ្លែងថា៖ “ខ្ញុំនឹងចាកចេញពី RB Leipzig ដោយក្តីក្រៀមក្រំ ព្រោះនៅទីនេះខ្ញុំបានដឹកនាំក្រុមដ៏ពិសេសមួយជាមួយនឹងការផ្តល់ឱកាសជាច្រើនព្រមជាមួយនឹងលក្ខខណ្ឌដ៏ប្រសើរបំផុត។ អ្នកគ្រប់គ្នានៅទីនេះ រួមទាំងបុគ្គលិកដែលកំពុងបំពេញការងារជាមួយក្រុមទាំងមូលបានធានាថា យើងបានបង្កើតឡើងនូវរឿងរ៉ាវជាច្រើនសម្រាប់ជាប្រវត្តិសាស្ត្ររបស់ក្លឹបហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តធ្វើវាទៀត ហើយខ្ញុំពិតជាមានមោទនភាពចំពោះការងារទាំងនេះ។”

សូមបញ្ជាក់ថា Julian Nagelsmann នឹងចូលកាន់ចង្កូតក្រុម Bayern Munich នៅរដូវកាលក្រោយជំនួសលោក Hansi Flick ដែលបានសុំលាឈប់ក្រោយពីមានវិវាទមិនចុះសម្រុងគ្នាជាមួយនឹងថ្នាក់ដឹកនាំក្លឹបយក្សនេះរួចមក៕

មតិយោបល់