Zlatan និង Lukaku ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អុីតាលី ផាកពិន័យពីបទល្មើសក្រមសីលធម៌ជាកីឡាករ

មាស សុផាណារ៉ុង April 27, 2021


 

អុីតាលី៖ កីឡាករ ២រូបដែលកំពុងប្រកបអាជីពបាល់ទាត់នៅក្នុងប្រទេសអុីតាលី គឺ Zlatan Ibrahimovic និង Romelu Lukaku ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អុីតាលី ផាកពិន័យទៅលើទង្វើល្មើសនឹងក្រមសីលធម៌នៃកីឡាករបាល់ទាត់អាជីព ដែលបានកើតឡើងនៅក្នុងការប្រកួត Coppa Italia កាលពីខែមករា ដើមឆ្នាំនេះ។​

តាមការប្រកាសជាផ្លូវការ ខ្សែប្រយុទ្ធរបស់ក្លឹប AC Milan គឺកីឡាករ Zlatan Ibrahimovic ត្រូវបានផាកចំនួន 4,000 អឺរ៉ូ (US$4,834) ចំណែកកីឡាករ Romelu Lukaku តម្រូវឱ្យបង់ចំនួន 3,000 អឺរូ ស្របពេលដែលក្លឹប AC Milan ក៏ត្រូវបង់ប្រាក់ 2,000 អឺរ៉ូហើយក្លឹប Inter Milan ក៏ត្រូវបានពិន័យជាប្រាក់ 1,250អឺរ៉ូផងដែរ ដើម្បីបង្ហាញពីការទទួលខុសត្រូវលើការគ្រប់គ្រងវិន័យកីឡាកររបស់ខ្លួន។

សូមបញ្ជាក់ថា អតីតកីឡាកររបស់ក្លឹប Manchester United ទាំងពីរនាក់នេះ បានបោះសម្តីឌឺដងគ្នាក្នុងអំឡុងការប្រកួតខាងលើដោយ Zlatan ជាអ្នកផ្លែផ្កា និងផ្តើមរឿងមុន ចំណែកឯ Lukaku ក៏បានតបតវិញរហូតបង្កើតបានជាការប្រើប្រាស់ពាក្យសម្តី និងទង្វើមិនសមរម្យទៅវិញទៅមក៕

 

ប្រភព៖ channelnewsasia.com

មតិយោបល់