បាល់ទាត់អាស៊ានសប្ដាហ៍នេះ Johor ស្គាល់ពាក្យថាចាញ់ហើយ ខណៈលីគសិង្ហបុរី ចូលជុំទី២

មាស សុផាណារ៉ុង April 26, 2021


 

អាស៊ាន៖ ការប្រកួតបាល់ទាត់ក្របខណ្ឌតាមបណ្ដាប្រទេសក្នុងតំប់អាស៊ានសប្ដាហ៍នេះ បានបន្តការប្រកួតជាធម្មតាទៀតហើយ ក្នុងនោះលីគម៉ាឡេស៊ី Johor ស្គាល់ពាក្យថាចាញ់ហើយ ខណៈលីគសិង្ហបុរី ចូលដល់ការប្រកួតជុំទី២។

ម៉ាឡេស៊ី៖

លីគកំពូលម៉ាឡេស៊ី សប្ដាហ៍នេះ គឺស្ថិតនៅក្នុងសប្ដាហ៍ទី១០ ហើយក្លិបអ្នកមាន Johor Darul Ta’zim ដែលប្រកួតមិនដែលចាញ់ ៩ប្រកួតកន្លងមកនោះ ស្គាល់ពាក្យថាចាញ់ហើយក្នុងសប្ដាហ៍នេះ ពោលគឺចាញ់ក្នុងដីខ្លួនឯងថែមទៀតផងក្រោមថ្វីជើង Terengganu FC ដែលជាអតីតក្លិបរបស់​ ធារី ចន្ថាប៊ីន ក្នុងលទ្ធផល ០ទល់១។

ទោះបីជារងបរាជ័យ ក៏ប៉ុន្តែ Johor Darul Ta’zim នៅតែបន្តនាំមុខកំពូលតារាង​ ខណៈ Terengganu FC កំពុងឈរនៅលេខ២ តាមពីក្រោយ ២ពិន្ទុប៉ុណ្ណោះ។

សិង្ហបុរី៖

ងាកមកលីគកំពូលសិង្ហបុរី វិញ សប្ដាហ៍នេះបានចូលដល់សប្ដាហ៍ទី៨ ពោលគឺឈានចូលជុំទី២ នៃលីគដែលមាន ៨ក្រុមចូលរួមប្រកួតមួយនេះ ខណៈ Albirex Niigata (S) បន្តជ័យជម្នះរបស់ខ្លួន ដូចគ្នាផងដែរគូប្រជែងក្រុមលេខ២ Lion City Sailor ក៏បន្តឈ្នះដូចគ្នា ជាជ័យជម្នះ ៣លើកជាប់ៗគ្នា។

សូមបញ្ជាក់ថា លីគកំពូលសិង្ហបុរីនឹងធ្វើការប្រកួតចំនួន ៣ជុំ ពោលគឺក្រុមនីមួយៗ នឹងត្រូវប្រកួត ២១ប្រកួត ក្នុងរដូវកាលនេះ។

Albirex Niigata (S) នៅតែបន្តកាន់កាប់កំពូលតារាង ក្រោយបន្តឈ្នះក្នុងសប្ដាហ៍នេះ ខាងក្រោមគឺជាតារាងពិន្ទុទាំងស្រុង៖

វៀតណាម៖

នៅវៀតណាម សប្ដាហ៍នេះមិនមានការប្រកួតលីគឡើយ ប៉ុន្តែគេមានការប្រកួតខាប់ (Natioanl Cup 2021) ក្នុងជុំដំបូង មាន ២២ក្រុមចូលរួម ដោយលើកលែងតែក្រុមខ្លាំងចំនួន ៥ ដូចជា Than Quang Ninh FC, Ho Chi Minh City FC, Viettel Football Club, Hanoi FC និង Nam Dinh FC ដែលអង្គុយចាំនៅវគ្គ ១៦ក្រុមចុងក្រោយរួចជាស្រេច។

ជាលទ្ធផលនៅជុំទី១ ក្រុមខ្លាំងៗមួយចំនួនធំ ជាពិសេសក្រុមនៅលីគកំពូលសុទ្ធតែបានឡើងទៅជុំបន្ទាប់​ដូចជា Hoang Anh Gia Lai, Da Nang, Quang nam និង Hai Phong លើកលែងតែ Becamex Binh Duong ដែលធ្លាក់ក្នុងជុំដំបូងនេះ។

ខាងក្រោមជាលទ្ធផលសរុប និងតារាងផ្គូរផ្គង់ នៅវគ្គ ១៦ក្រុមចុងក្រោយ៖

ថៃ៖

នៅប្រទេសថៃ វិញ កាលបីចុងសប្ដាហ៍កន្លងទៅគេបានរកឃើញក្រុមចុងក្រោយដែលនឹងឡើងមកលីគកំពូលថៃ (Thai League 1) ហើយ ពោលគឺក្រុម Khonkaen United បន្ទាប់ពីគេបានយកឈ្នះក្រុម Nakhon Pathom United ក្នុងវគ្គ Play-off ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី។

Khonkaen United នេះ ដើមឡើយឈរនៅលេខ ៤ ពេលបញ្ចប់លីគទី២ ថៃ ដែលមាន ១៨ក្រុមចូលរួម ហើយចំណាត់ថ្នាក់លេខ៤ នេះ គឺ​ជាចំណាត់ថ្នាក់ដែលត្រូវប្រកួតជម្រុះខ្វែងរវាងក្រុមលេខ៣ ដល់លេខ៦ ហើយវគ្គដំបូងគេឈ្នះក្រុមលេខ៥ Phrae United ទាំងពីរជើង ៥ទល់២ ទើបឡើងមកជួបក្រុមលេខ៣ Nakhon Pathom United (ដែលបានឈ្នះ Chainat Hornbill ៤ទល់១) ប្រកួតទាំងពីរជើងស្មើគ្នា ៣ទល់៣ ទើបកាត់សេចក្ដីដោយបាល់ ១១ម៉ែត្រ ឈ្នះ ៣ទល់៤។

ដូច្នេះ Khonkaen United គឺជាក្រុមចុងក្រោយដែលឡើងលីគកំពូលថៃ ជាមួយក្រុម ២ផ្សេងទៀតគឺ ក្រុមជើងឯក Nongbua Pitchaya និងក្រុមលេខ២ Chiangmai United។

សម្រាប់លីគកំពូលឡាវ វិញមិនមានការប្រកួតឡើយដោយសារលីគត្រូវបានប្រកាសផ្អាកជាបណ្ដោះអាសន្ន ក្រោយប្រទេសនេះបច្ចុប្បន្នកំពុងរទទួលរងឥទ្ធិពលពីជំងឹកូវីដ-១៩ ផ្ទុះឡើងខ្លាំងផងដែរ។

សូមបញ្ជាក់ជាថ្មី ចំពោះលីគកំពូល មីយ៉ាន់ម៉ា នៅមិនទាន់ចាប់ផ្ដើមនៅឡើយទេដោយសារបញ្ហានយោបាយក្នុងប្រទេសនេះ ខណៈលីគកំពូលហ្វីលីពីន និងឥណ្ឌូនេស៊ី គ្រោងចាប់ផ្ដើមនៅអំឡុងពាក់កណ្ដាលឆ្នាំ២០២១ ដូចគ្នា ពោលគឺ លីគកំពូលហ្វីលីពីន ​ចាប់ផ្ដើមនៅថ្ងៃទី១៧ ខែកក្កដា ខណៈលីគកំពូលឥណ្ឌូនេស៊ី គ្រោងចាប់ផ្ដើមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បញ្ចប់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ស្របពេលដែលលីគកំពូលថៃ គ្រោងចាប់ផ្ដើមរដូវកាលថ្មី ២០២១-២០២២ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ហើយបញ្ចប់នោថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

ចំពោះលីគកំពូលទីម័រខាងកើត ក៏ដូចជាលីគកំពូលព្រុយណេ វិញ មិនទាន់ព័ត៌មានច្បាស់ការបញ្ជក់នៅឡើយទេ៕

មតិយោបល់