អាហ្សង់ទីន ទំនងនឹងដកខ្លួនពីការធ្វើសហម្ចាស់ផ្ទះវគ្គជម្រុះពូលពាន Copa America

មាស សុផាណារ៉ុង April 24, 2021


 

អាហ្សង់ទីន៖ អាហ្សង់ទីន អាចនឹងដកខ្លួនចេញវិញពីការធ្វើម្ចាស់ផ្ទះនៃការប្រកួតជម្រុះពូល A ដោយសារតែការរាតត្បាតនៃវីរុសកូវីដ១៩ ខណៈដែលការប្រកួតបាល់ទាត់ដ៏ធំប្រចាំតំបន់អាម៉េរិកខាងត្បូងនេះបានពន្យារពេលអស់ ១ឆ្នាំរួចមកហើយ និងគ្រោងរៀបចំនាថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ។

ជាមួយនឹងកំណើនមិនស្រកស្រុតនៃកាវាយលុយរបស់កូវីដ១៩ មកលើតំបន់នេះ ប្រទេស​ ២ផ្សេងទៀតគឺ កាតា និង អូស្ត្រាលី ដែលជាក្រុមចូលរួមតាមរយៈការអញ្ជើញនោះក៏បានប្រកាសដកខ្លួនពីការប្រកួតនេះដែរ ជាហេតុនាំឱ្យក្រុមប្រកួតបង្រួមមកនៅត្រឹម ​១០ក្រុមប៉ុណ្ណោះ។ តាមគម្រោង អាហ្សង់ទីន នឹងត្រូវធ្វើម្ចាស់សម្រាប់ពូល A ស្របពេលដែលកូឡុំប៊ី ជាម្ចាស់ផ្ទះពូល B ប៉ុន្តែប្រមុខរដ្ឋអាហ្សង់ទីន បានលើកឡើងនូវកង្វល់ម្តងហើយម្តងទៀតពីលទ្ធភាពនៃការចម្លងទៅកាន់ក្រុមជម្រើសជាតិរបស់ខ្លួនក៏ដូចជាការនាំចូលវីរុសពីក្រៅស្រុកផងដែរនោះ។

យ៉ាងណាក៏ដោយ ផ្ទុយពីប្រទេសអាហ្សង់ទីន រដ្ឋាភិបាលកូឡុំប៊ីឯណោះវិញ បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំថា ខ្លួនបានរៀបចំរួចរាល់ហើយសម្រាប់ការប្រកួតនេះ ខណៈដែលលោកប្រធានាធិបតី Ivan Duque បានអះអាងថា តម្រូវការវេជ្ជសាស្ត្រនានាត្រូវបានត្រៀមទុកយ៉ាងហ្មត់ចត់សម្រាប់ទទួលក្រុមទាំង ៥ក្នុងពូល B នៃវគ្គជម្រុះពាន Copa America ដោយអ្វីៗនឹងប្រព្រឹត្តទៅដោយសុវត្ថិភាព ព្រោះកូឡុំប៊ីកំពុងដំណើរការប្រកួតលីគ និងពាន Copa Libertadores ដោយរលូន ដូចនេះ គ្មានបញ្ហាចោទចំពោះពាន Copa America ឡើ៕

 

ប្រភព៖ 90min.com

មតិយោបល់