ថ្នាក់ដឹកនាំ Champions League នឹងបើកកិច្ចប្រជុំថ្ងៃនេះ ថាតើគួរដក Real Madrid ពីពាននេះដែរឬទេ

មាស សុផាណារ៉ុង April 23, 2021


 

អ៊ឺរ៉ុប៖ របាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញ បានលើកឡើងថា ប្រមុខនៃក្របខ័ណ្ឌ Champions League ចង់ដកក្រុមអធិរាជស Real Madrid នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងហាមឃាត់ពួកគេ និងក្រុមសេះបង្កង់ Juventus ផងដែរ រយៈពេលមួយឆ្នាំពីបទចង់បង្កើតខ្លួន ធ្វើជាមេដឹកនាំ European Super League។ ជាមួយនឹងការដាក់ទណ្ឌកម្ម ដែលនឹងត្រូវសំរេចនៅក្នុងការប្រជុំរបស់ UEFA នៅថ្ងៃនេះ។

ការចូលរួមរបស់ Real Madrid ក្នុងពានរង្វាន់ Champions League រដូវកាលនេះកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយមានរបាយការណ៍ថា UEFA ចង់បណ្តេញពួកគេចេញពីការប្រកួត បន្ទាប់ពីតួនាទីរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ European Super League ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស៉្បាញ Deportes Cuatro ម្ចាស់ជើងឯក UEFA Champions League ១៣សម័យកាលមួយនេះ ក៏កំពុងប្រឈមនឹងការហាមឃាត់មិនអោយចូលរួមប្រកួតនារដូវកាលបន្ទាប់ផងដែរ។

ប្រធាន UEFA ត្រូវបានគេឲ្យដឹងថា ចង់អោយការដាក់ទណ្ឌកម្មនេះកើតឡើងដូចគ្នាចំពោះក្រុម Juventus ផងដែរ ជាមួយនឹងការសម្រេចលើជោគវាសនារបស់ក្លិបទាំងពីរ ដែលអាចនឹងកើតឡើងនៅថ្ងៃសុក្រនេះ។

រឿងរ៉ាវដ៏ធ្ងន់ធ្ងរត្រូវបានគេមើលឃើញថាប្រធានក្លិប Real Madrid លោក Florentino Perez និងប្រធានក្លិប Juventus លោក Andrea Agnelli គឺជាមេដឹកនាំនៃគម្រោង Super League របស់អឺរ៉ុប និងជាកាតាលីករសម្រាប់ការប៉ុនប៉ងក្បត់នេះ។

UEFA មានអំណាចក្នុងការដាក់បំរាមនេះ ប៉ុន្តែមានសេចក្តីរាយការណ៍ថាមានការបែកបាក់ក្នុងចំណោមប្រធានក្រុមប្រឹក្សាអំពីអ្វីដែលត្រូវធ្វើ។ ប្រធានក្រុមប្រឹក្សាខ្លះហាក់ដូចជាត្រូវរ៉ូវជាមួយ Real និង Juve ហើយបើកចំហដើម្បីអភ័យទោសឱ្យពួកគេចំពោះការប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ។

គេក៏នឹងរង់ចាំមើលការសម្រេចផងដែរ នៅថ្ងៃសុក្រនេះ ដែលអាចនឹងដឹងនៅវេលាយប់ថ្ងៃសុក្រ ឬព្រឹកថ្ងៃសៅរ៍ស្អែក ម៉ោងនៅកម្ពុជា៕

 

ប្រភព៖ dailymail.co.uk

មតិយោបល់