ប្រធានក្លិប Real Madrid ថាផែនការ Super League មិនស្លាប់ទេទោះបីមានការដកខ្លួនក៏ដោយ

មាស សុផាណារ៉ុង April 22, 2021


 

អេស៉្បាញ៖ ពាន European Super League បានដួលរលំកាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីការដកខ្លួនចេញពីក្រុមទាំង៦ នៃក្របខ័ណ្ឌ Premier League។ ទោះយ៉ាងណាប្រធានក្លឹប Real Madrid លោក Florentino Perez បានទទូចថា៖ “Super League នៅតែមាន”។

ប្រធានក្លិប Real Madrid លោក Florentino Perez បានទទូចថាពានរង្វាន់ European Super League គឺមិន “ស្លាប់” ទេបើទោះបីជាព្រឹត្តិការណ៍នេះបានដួលរលំត្រឹមតែ ៤៨ ម៉ោងបន្ទាប់ពីវាត្រូវបានប្រកាសក៏ដោយ។

កាលពីថ្ងៃអាទិត្យ មានក្លិបចំនួន១២ ដូចជាក្រុមខ្លាំងទាំង៦ របស់ Premier League រួមទាំង Real Madrid, Atletico Madrid, Barcelona, Juventus, Inter Milan និង AC Milan បានបញ្ជាក់ថាពួកគេមានគំរោងចាប់ផ្តើមការប្រកួតអឺរ៉ុប នៅរៀងរាល់ពាក់កណ្តាលសប្តាហ៍។

ទោះយ៉ាងណាផែនការនេះបានចាប់ផ្តើមដួលរលំនៅថ្ងៃអង្គារម្សិលមិញនេះ នៅពេលដែលក្រុមតោខៀវ Chelsea និងក្រុម Manchester City បានដកខ្លួនចេញ បន្ទាប់ពីមានប្រតិកម្មខឹងសម្បារយ៉ាងខ្លាំងពីអ្នកគាំទ្រក្របខ័ណ្ឌ Premier League និង UEFA។

ក្រុម Manchester United, Liverpool, Arsenal និង Tottenham បានដកខ្លួនចេញកាលពីយប់ថ្ងៃអង្គារដោយបន្សល់ទុកឱ្យប្រធានក្លឹប Juventus លោក Andrea Agnelli សារភាពនៅព្រឹកថ្ងៃពុធនេះថា Super League មិនអាចបន្តទៅមុខទៀតបានទេ។

Inter Milan, AC Milan និង Atletico ក៏បានដកខ្លួនចេញវិញដែរកាលពីថ្ងៃពុធ ប៉ុន្តែលោក Perez ដែលនឹងក្លាយជាប្រធានលីគ នៅតែមានសុទិដ្ឋិនិយមដោយប្រាប់វិទ្យុអេស្បាញ El Larguero ថា៖ «ប្រសិនបើអ្នកណាម្នាក់គិតថា Super League ស្លាប់ តើពួកគេគិតខុសទេ? ពិតណាស់គឹខុស។ យើងនឹងបន្តធ្វើវា ហើយអ្វីដែលមនុស្សគ្រប់គ្នាគិតថាគឺល្អបំផុតនឹងលេចចេញមក។ គម្រោងនេះគឺកំពុងរង់ចាំ។ Super League នៅតែមាន។»

 

ប្រភព៖ skysports

មតិយោបល់