Sir Alex Ferguson លើកឡើងថា Super League គឺជាការបញ្ចប់ប្រវត្តិសាស្ត្រ ៧០ឆ្នាំនៃបាល់ទាត់អឺរ៉ុប

មាស សុផាណារ៉ុង April 19, 2021


 

អង់គ្លេស៖ អតីតអ្នកចាត់ការក្លឹបបិសាចក្រហម Manchester United លោក Sir Alex Ferguson បានលើកឡើងថា ការបង្កើតកម្មវិធីថ្មី European Super League គឺជាបញ្ចប់នូវប្រវត្តិសាស្ត្រ ៧០ឆ្នាំនៃវឌ្ឍនភាពរបស់វិស័យបាល់ទាត់នៅក្នុងទ្វីបអឺរ៉ុប ហើយលោកក៏បានជំរុញឱ្យភាគីពាក់ព័ន្ធពិសេសថ្នាក់ដឹកនាំក្លឹបជាស្ថាបនិក “វាយតម្លៃឡើងវិញ” លើការសម្រេចរបស់ខ្លួនចំពោះគម្រោងនេះ។

លោកក៏បានបញ្ជាក់ដែរថា លោកមិនបានរួមចំណែកណាមួយក្នុងការសម្រេចចិត្តរបស់ Manchester United ដើម្បីចូលខ្លួនប្រកួតប្រជែងព្រឹត្តិការណ៍នេះឡើយ។ យ៉ាងណាក៏ដោយ ផែនការនេះហាក់ដូចជាមិនមានសញ្ញាធាក់ថយក្រោយនោះទេ ខណៈដែលពេលនេះ ក្លឹប Manchester United និង Arsenal ក៏បានប្រកាសលាលែងជាសមាជិក European Club Association (ECA) ទៅហើយដោយថ្នាក់ដឹកនាំក្លឹបទាំងពីរទទួលបានតំណែងថ្មីក្នុងជួរក្បាលម៉ាសុីនដឹកនាំនៃ Super League។

សូមបញ្ជាក់ថា មកទល់ពេលនេះ ក្លឹបទាំង១២ នៅអឺរ៉ុបបានក្លាយជាសមាជិការប្រកួតថ្មីនេះដោយ ៦ក្លឹបមកពីលីគកំពូលអង់គ្លេស រួមមាន Manchester United, Manchester City, Liverpool, Chelsea, Arsenal និង Tottenham ចំណែក ៣ក្លឹបទៀតមកពី Serie A របស់អុីតាលី ដូចជា Inter, Milan, Juventus ក៏ដូចជាសមាសភាព ៣ទៀតគឺ Atletico Madrid, Barcelona និង Real Madrid ។ យ៉ាងណាក៏ដោយ បណ្តាក្លឹបនៅអាល្លឺមង់ដ៏ និងបារាំង បានប្រកាសបដិសេធមិនចូលរួមនោះទេ៕

មតិយោបល់