ម្ចាស់ក្លឹប Newcastle នឹងចរចាឡើងវិញជាមួយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ដើម្បីលក់ក្លឹបក្នុងតម្លៃជាង ៤០០លានដុល្លារ

មាស សុផាណារ៉ុង April 18, 2021


 

អង់គ្លេស៖ ម្ចាស់ក្លឹប Newcastle លោក Mike Ashley បានអះអាងថា លោកមានក្តីសង្ឃឹមក្នុងការចរចាឡើងវិញជាមួយភាគីព្រះអង្គម្ចាស់រជ្ជទាយាទនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីលក់ក្លឹបដែលមានប្រវត្តិកកើតតាំងពីឆ្នាំ១៨៩២ នេះទៅម្ចាស់ថ្មីដែលមានឥទ្ធិពលក៏ដូចភោគទ្រព្យមហាសាលក្នុងតម្លៃមិនក្រោម ៣០០លានផោន ឬប្រមាណជាជាង ​៤០០លានដុល្លារអាម៉េរិក។

គួររំលឹកថា ការចរចារវាងភាគីទាំងពីរបានជាប់គាំងតាំងពីពាក់កណ្តាលឆ្នាំមុនដោយសារតែវិវាទផ្លូវច្បាប់ទៅលើនីតិវិធីព្រមទាំងរចនាសម្ព័ន្ធថ្មីក្នុងការគ្រប់គ្រងក្លឹបដោយសារតែករណីទី១ គឺវិវាទនយោបាយរវាងប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសកាតា ដែលនាំឱ្យស្ថាប័ន beIN SPORTS ដែលទទួលបានសិទ្ធិក្នុងការផ្សព្វផ្សាយការប្រកួត​ The English Premier League ក្នុងតំបន់មជ្ឈឹមបូព៌ាមិនអាចផ្សាយនៅក្នុងទឹកដីនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានទេ ព្រោះ beIN SPORTS មានមូលដ្ឋាននៅក្នុងប្រទេសកាតា។

បញ្ហានេះបានផ្តល់នូវកង្វល់ពាក់ព័ន្ធទៅនឹងកម្មសិទ្ធិបញ្ញានៃការផ្សព្វផ្សាយការប្រកួតព្រោះ Newcastle គឹជាសមាជិកនៃលីគបាល់ទាត់អង់គ្លេសដែលតម្រូវឱ្យមានការផ្សព្វផ្សាយដូចក្លឹបដទៃ និងជាពិសេសវិស័យកីឡាមិនត្រូវបានកំណត់ឱ្យរងឥទ្ធិពលពីវិស័យនយោបាយឡើយ។

បន្ថែមពីលើនេះ​ ករណីទី២ គឺព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman Al Saud បានញុាំញីដោយរឿងអាស្រូវលើការបង្ក្រាបយ៉ាងចាស់ដៃគូចំពោះសត្រូវនយោបាយរបស់ព្រះអង្គ ឬក្រុមប្រឆាំងនឹងរបបរាជានិយម ឬអ្នកប្រជាធិបតេយ្យនៅក្នុងប្រទេសមហាអំណាចប្រេងកាតនេះ ដែលនាំឱ្យក្រុមអ្នកគាំទ្រក្លឹប Newcastle សម្តែងការមិនពេញចិត្តជាខ្លាំង។

យ៉ាងណាមិញ ព្រះអង្គម្ចាស់ Mohammed bin Salman Al Saud មិនបានបញ្ឈប់មហិច្ឆតារបស់ទ្រង់ក្នុងការទិញយកក្លឹបបាល់ទាត់ចំណាស់នេះឡើយដោយព្រះអង្គថែមទាំងបានផ្ញើរសារទៅកាន់នាយករដ្ឋមន្ត្រីអង់គ្លេសដោយបានអះអាងថា ចំណងការទូតរវាងចក្រភពអង់គ្លេស និងព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវបំផ្លាញប្រសិនបើមិនមាន “ការកែតម្រូវ” ចំពោះការសម្រេចចិត្ត “មិនត្រឹមត្រូវ” លើដំណើរការចចារទិញក្លឹប Newcastle United នេះទេ៕

មតិយោបល់