បាល់ទាត់អាស៊ានសប្ដាហ៍នេះ ថៃ ចប់ពានរង្វាន់ក្នុងស្រុកទាំងស្រុង ខណៈម៉ាឡេ វៀតណាម ឡាវ ដំណើរការលីគយ៉ាងរលូន

មាស សុផាណារ៉ុង April 12, 2021


 

អាស៊ាន៖ ការប្រកួតបាល់ទាត់ក្របខណ្ឌតាមបណ្ដាប្រទេសក្នុងតំប់អាស៊ានសប្ដាហ៍នេះ នៅថៃ បានចប់ពានរង្វាន់ក្នុងស្រុកទាំងស្រុងហើយ ខណៈម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងឡាវ ដំណើរការលីគយ៉ាងរលូន។

ថៃ៖

ត្រឹមយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ពានរង្វាន់បាល់ទាត់ក្នុងប្រទេសថៃ បានបិទបញ្ចប់រួចរាល់អស់ហើយ បន្ទាប់ពីពានរង្វាន់កម្រិតទី២ ប្រចាំប្រទេស FA Cup បានរកឃើញក្រុមជើងឯកកាលពីថ្ងៃដដែល។

ជើងឯក ​FA Cup របស់ថៃ ឆ្នាំ២០២០ គឺបានទៅលើ Chiang Rai United បន្ទាប់ពីយកឈ្នះ Chonburi FC ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី ក្រោយស្មើគ្នា ១ទល់១។

ជ័យជម្នះរបស់ Chiang Rai United ក៏នឹងធ្វើឲ្យគេទទួលបានកៅអីប្រកួតពានរង្វាន់ក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC Champions League វគ្គចែកពូលផងដែរ និងជាឆ្នាំទី២ ដែលគេបង្ហាញខ្លួនក្នុងពានរង្វាន់កម្រិតកំពូលប្រចាំទ្វីបមួយនេះ។

វៀតណាម៖

នៅវៀតណាម វិញ សប្ដាហ៍នេះបានចូលដល់សប្ដាហ៍ទី៩ នៃលីគកំពូលរបស់គេហើយ ដោយកាលពីម្សិលមិញមានការប្រកួតចំនួន ៣គូ ខណៈនៅថ្ងៃនេះមានការប្រកួតចំនួន ៤គូបន្ថែមទៀត ដើម្បីបង្រ្គប់សប្ដាហ៍ទី៩។

ជាបណ្ដោះអាសន្នផងដែរ Hoang Anh Gia Lai កំពុងឈរកំពូលតារាងជាមួយនឹងប្រកួតនៅសល់ ១ក្នុងដៃថែមទៀតផងបន្ទាប់ពីក្រុមប្រជែងលេខ២ Than Quang Ninh ចាញ់កាលពីម្សិលមិញ។

ម៉ាឡេស៊ី៖

ដោយឡែកលីគកំពូលម៉ាឡេស៊ី វិញ សប្ដាហ៍នេះគឺចូលដល់សប្ដាហ៍ទី៨ ហើយក្លិបអ្នកមាន Johor Darul Ta’zim បន្តនាំមុខកំពូលតារាងជាមួយការប្រកួតមិនដែលចាញ់ ដូចតារាងខាងក្រោម។

សិង្ហបុរី៖

លីគកំពូលសិង្ហបុរី វិញ សប្ដាហ៍នេះបានចូលដល់សប្ដាហ៍ទី៦ ខណៈ Albirex Niigata (S) នៅតែកាន់កាប់កំពូលតារាង ក្រោយបន្តឈ្នះក្នុងសប្ដាហ៍នេះ ខាងក្រោមគឺជាតារាងពិន្ទុទាំងស្រុង៖

ឡាវ៖

នៅប្រទេសឡាវ ឯណោះវិញ លីគកំពូលរបស់គេទើបតែបន្តការប្រកួតបាន ៣សប្ដាហ៍ គ្រាដែលលីគនៃប្រទេសនេះ មានក្រុមតែ ៥ចូលរួមប្រកួត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរ ក្រុម Lao Toyota ដែលទើបតែប្ដូរឈ្មោះទៅជា FC Chanthabouly នោះ មិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយ ហើយកំពុងស្ថិតនៅលេខ៤ ថែមទៀតផង គ្រាដែល Young Elephants ដែលបញ្ចប់ទៅដោយឈរលេខ៣ កាលពីឆ្នាំទៅ កំពុងនាំមុខកំពូលតារាងបន្ទាប់ពីឈ្នះ ២ប្រកួតជាប់ៗគ្នា។

ដោយឡែកចំពោះលីគកំពូល មីយ៉ាន់ម៉ា នៅមិនទាន់ចាប់ផ្ដើមនៅឡើយទេដោយសារបញ្ហានយោបាយក្នុងប្រទេសនេះ ខណៈលីគកំពូលហ្វីលីពីន និងឥណ្ឌូនេស៊ី គ្រោងចាប់ផ្ដើមនៅអំឡុងពាក់កណ្ដាលឆ្នាំ២០២១ ដូចគ្នា ពោលគឺ លីគកំពូលហ្វីលីពីន ​ចាប់ផ្ដើមនៅថ្ងៃទី១៧ ខែកក្កដា ខណៈលីគកំពូលឥណ្ឌូនេស៊ី គ្រោងចាប់ផ្ដើមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បញ្ចប់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។

ចំពោះលីគកំពូលទីម័រខាងកើត ក៏ដូចជាលីគកំពូលព្រុយណេ វិញ មិនទាន់ព័ត៌មានច្បាស់ការបញ្ជក់នៅឡើយទេ៕

មតិយោបល់