សិង្ហបុរី ប្រទេសទី៧ ក្នុងតំបន់អាស៊ាន ព្យាយាមប្រកួតរហូតរកជើងឯកលីគឃើញ ក្នុងអំឡុងវិបត្តិកូវីដ-១៩

មាស សុផាណារ៉ុង December 7, 2020


 

អាស៊ីអាគ្នេយ៍៖ ប្រទេសសិង្ហបុរី ទីបំផុតបានក្លាយជាប្រទេសទី៧ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលព្យាយាមប្រកួតពានរង្វាន់បាល់ទាត់ដ៏ធំប្រចាំប្រទេសរបស់ខ្លួន រហូតដល់អាចរកជើងឯកលីគឃើញ ក្នុងរដូវកាលមួយត្រូវបានគេចាត់ទុកថាពោរពេញទៅដោយការអូសបន្លាយ អំឡុងវិបត្តិជំងឺរាតត្បាតជាសាកលកូវីដ-១៩។

លីគបាល់ទាត់ក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) បច្ចុប្បន្ន បានបញ្ចប់ និងរកឃើញជើងឯកតាមប្រទេសមួយចំនួនភាគច្រើនហើយ សម្រាប់រដូវកាល២០២០ ដោយនៅនៅសល់តែលីគថៃ, និងឥណ្ឌូនេស៊ី ពុំទាន់រកឃើញជើងឯកលីគ គ្រាដែលត្រឹមចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ បន្ទាប់ពីលីគកំពូលសិង្ហបុរី លីគមួយចំនួនធំដូចជា លីគកំពូលមីយ៉ាន់ម៉ា, ឡាវ, ម៉ាឡេស៊ី, កម្ពុជា, វៀតណាម និងហ្វីលីពីន បានបញ្ចប់ និងរកឃើញជើងឯកជាផ្លូវការយូរមកហើយផងដែរ បន្ទាប់ពីមានលីគខ្លះត្រូវបានផ្អាកម្ដងជាពីរដង ដោយសារការកម្រើកឡើងវិញជារឿយៗនៃជំងឺរាតត្បាតកូវីដ-១៩។

ជើងឯកលីគកំពូលសិង្ហបុរី រដូវកាល២០២០ គឺបានទៅក្លិប Albirex Niigata FC Singapore សារជាថ្មីបន្ទាប់ពីខកខាន ១ឆ្នាំ (ឆ្នាំ២០១៩) ក្រោយដាច់ពិន្ទុក្រុមលេខ២ Tampines Rovers FC ចំនួន ៣ពិន្ទុ។

យ៉ាងណាមិញ ដោយសារតែក្លិបនេះជាក្លិបបរទេស (ជប៉ុន) ដេលទទួលបានការអនុញ្ញាតឲ្យប្រកួតក្នុងលីគកំពូលសិង្ហបុរី ប៉ុន្តែគេមិនអាចធ្វើជាក្រុមតំណាងឲ្យសិង្ហបុរី ទៅប្រកួតលើឆាកអន្តរជាតិ ក្របខណ្ឌ AFC បានឡើយ ដូច្នេះកៅអីតំណាងសិង្ហបុរី គឺធ្លាក់ទៅក្រុមលេខ២ Tampines Rovers FC បានលេងក្នុងពានរង្វាន់ AFC Champions League វគ្គចែកពូល (ដោយមិនជម្រុះ)។

លីគបាល់ទាត់នៃប្រទេសមួយចំនួនដែលបានដំណើរការឡើងវិញមានដូចជា៖

  • ថៃ៖ កំពុងដំណើរការប្រកួត (ចូលសប្ដាហ៍ទី១៣)
  • ឥណ្ឌូនេស៊ី៖ គ្រោងដំណើរការឡើងវិញ ក្នុងអំឡុងនៅដើមឆ្នាំ២០២១ (ប្រកួតបាន ៣សប្ដាហ៍)
  • ព្រុយណេ៖ លុបចោល
  • ទីម័រខាងកើត៖ លុបចោល (តែបានបញ្ចប់ការប្រកួតខាប់)

ជើងឯកលីគកំពូលក្នុងតំបប់អាស៊ីអាគ្នេយ៍ដទៃទៀតមានដូចជា៖

  • មីយ៉ាន់ម៉ា ម្ចាស់ជើងឯកលីគកំពូលមីយ៉ាន់ម៉ា គឺក្លិប Shan United
  • ឡាវ ម្ចាស់ជើងឯកលីគកំពូលឡាវ គឺក្លិប Lao Toyota FC
  • ម៉ាឡេស៊ី ម្ចាស់ជើងឯកលីគកំពូលម៉ាឡេស៊ី គឺក្លិប Johor Darul Ta’zim
  • កម្ពុជា ម្ចាស់ជើងឯកលីគកំពូលកម្ពុជា គឺក្លិប បឹងកេត
  • វៀតណាម ម្ចាស់ជើងឯកលីគកំពូលវៀតណាម គឺក្លិប Viettel FC
  • ហ្វីលីពីន ម្ចាស់ជើងឯកលីគកំពូលហ្វីលីពីន គឺក្លិប United City (អតីត Ceres Negros)

គួរបញ្ជាក់ថា រដូវកាល២០២០ នេះ បាល់ទាត់នៅជុំវិញពិភពលោក បាននឹងកំពុងស្ថិតក្នុងស្ថានភាពអាក្រក់បំផុត និងពុំដែលជួបប្រទះដោយសារតែការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ បណ្ដាលមកពីវីរុសកូរ៉ូណា បង្ខំឲ្យលីគបាល់ទាត់ប្រទេសជាច្រើនផ្អាក និងពន្យាពេលជាច្រើនលើកច្រើនសារ និងមានលីគខ្លះឈានទៅដល់លុបចោល (ដូចជាករណីនៅអាស៊ាន លីគកំពូលព្រុយណេ និងទីម័រខាងកើត បានលុបចោល) ចាប់តាំងពីអំឡុងខែមីនា មក បន្ទាប់ជំងឺនេះរីករាលដាលខ្លាំង៕

 

រូបភាព៖ AIA Singapore Premier League

មតិយោបល់