លីគកំពូលសិង្ហបុរី រង់ចាំរយៈពេល ៩ខែ ទើបអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់

មាស សុផាណារ៉ុង December 3, 2020


 

សិង្ហបុរី៖ វាជាលើកទី១ ហើយចាប់តាំងពីការប្រកួតលីគកំពូលសិង្ហបុរី (SPL) ត្រូវបានប្រកួតដោយបិទទ្វារ (គ្មានអ្នកគាំទ្រចូលទស្សនាផ្ទាល់) កាលពីថ្ងៃទី១៤ ខែមីនា មក អ្នកទស្សនានឹងអាចរីករាយនឹងសកម្មភាព SPL ដោយផ្ទាល់ក្រោយរង់ចាំស្មើនឹងជាង ៩ខែ។

បន្ទាប់ពីការពិភាក្សាជាមួយក្រសួងវប្បធម៌ សហគមន៍ និងយុវជន, ក្រសួងសុខាភិបាល និងកីឡាសិង្ហបូរី ការធ្វើតេស្តសម្រាប់ការប្រកួតមួយនឹងត្រូវធ្វើឡើងដើម្បីធានាតាមការណែនាំ។

អ្នកគាំទ្រអតិបរមា ២០០នាក់ – ១៥០នាក់ (សម្រាប់ក្រុមម្ចាស់ផ្ទះ) និង ៥០ នាក់ (សម្រាប់ក្រុមភ្ញៀវ) នឹងត្រូវបានអនុញ្ញាតឱ្យចូលទស្សនាការប្រកួតដែលបានគ្រោងទុក សម្រាប់តែនៅថ្ងៃសៅរ៍ទី០៥ ខែធ្នូ និងតែជំនួបរវាងក្រុម Tampines Rovers FC និង Geylang International FC មួយគត់ នៅកីឡាដ្ឋាន Tampines Hub។

ការបោះជំហានទៅមុខដើម្បីអនុញ្ញាតចំនួនអ្នកទស្សនាមានកម្រិតនៅកីឡដ្ឋាននេះ បង្ហាញពីជំហានរីកចម្រើនឆ្ពោះទៅរកអ្នកគាំទ្រត្រឡប់មកវិញនៅក្នុងការប្រកួតបាល់ទាត់ម្តងទៀត។ នេះអាចធ្វើទៅបានដោយសារតែដំណើរការយ៉ាងរលូននៃលីគកំពូលសិង្ហបុរី ចាប់តាំងពីការចាប់ផ្តើមឡើងវិញនៅថ្ងៃទី១៧ ខែតុលា។

យ៉ាងណាមិញ គិតមកទល់ពេលនេះ លីគកំពូលសិង្ហបុរី ខិតជិតទៅបញ្ចប់រដូវកាល២០២០ របស់ខ្លួនផងដែរ ពោលគឺនៅសល់ ១ប្រកួតទៀតនឹងបញ្ចប់នៅចុងសប្ដាហ៍នេះផ្ទាល់ ខណៈ Tampines Rovers FC ផ្ទាល់កំពុងប្រជែងជាមួយ Albirex Niigata FC Singapore។

 

ប្រភព៖ channelnewsasia.com

មតិយោបល់