កីឡាករ U-19 ឥណ្ឌូនេស៊ី ២រូប ត្រូវសហព័ន្ធបណ្ដេញចេញពីជំរំហ្វឹកហាត់​ ដោយសារបញ្ហាវិន័យ

មាស សុផាណារ៉ុង November 24, 2020


 

ឥណ្ឌូនេស៊ី៖ សមាជិកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម ១៩ឆ្នាំ ចំនួន ២ រូបគឺកីឡាករ Serdy Ephy Fano និង Mochamad Yudha Febrian ត្រូវបានបញ្ជូនត្រលប់ទៅផ្ទះវិញជាផ្លូវការ ពីជំរំហ្វឹកហាត់របស់ក្រុម U-19 ក្នុងទីក្រុងហ្សាការតា កាលពីថ្ងៃច័ន្ទ២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Shin Tae-yong គ្រូបង្វឹកក្រុម U-19 ឥណ្ឌូនេស៊ី បាននិយាយថា៖ “កីឡាករពីរនាក់ គឺ Serdy និង Yudha បានធ្វើខុសនឹងវិន័យតឹងរ៉ឹង។ ចំពោះបញ្ហានេះ យើងបានបញ្ជូនពួកគេទៅផ្ទះវិញភ្លាមៗ។”

នាយកបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី លោក Indra Sjafri ក៏បានឯកភាពថាកីឡាករត្រូវតែមានវិន័យ ព្រោះវិន័យគឺជាគន្លឹះមួយនៃភាពជោគជ័យក្នុងការកសាងក្រុម។

ទន្ទឹមនឹងនេះដែរប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី លោក Mochamad Iriawan ក៏បានគាំទ្រចំពោះចំណាត់ការរបស់គ្រូបង្វឹក លោក Shin Tae-yong ផងដែរ។

លោក Iriawan បន្តស្នើសុំដល់ក្រុមកីឡាករជម្រើសជាតិ U-19 ត្រូវហ្វឹកហាត់ឱ្យបានម៉ឺងម៉ាត់ ព្រោះថាសកម្មភាពរបស់ពួកគេត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈថវិការបស់រដ្ឋ (APBN)។

លោក Iriawan បាននិយាយថា៖ “ថវិកាដែលបានប្រើ គឺបានមកពីប្រជាជន។ ដូច្នេះកីឡាករទាំងអស់ត្រូវតែមានភាពម៉ឺងម៉ាត់។ កុំលេងសើច។ ប្រសិនបើអ្នកលេងសើច អ្នកប្រាកដជាត្រូវបានកត់ចុលបញ្ជីខ្មៅ, ឧទាហរណ៍ដូចជាអ្វីដែលបានកើតឡើងចំពោះកីឡាករទាំងពីរ។”

បច្ចុប្បន្នក្រុមរហស្សនាមគ្រុឌ បាននឹងកំពុងបន្តហ្វឹកហាត់ដោយក្រុមគ្រូបង្វឹក​ បាន ២សប្តាហ៍ហើយ នៃសម្រាប់ជំរំហ្វឹកហាត់ក្នុងប្រទេស (នៅហ្សាកាតា)។ នៅជំរំហ្វឹកហាត់នេះផងដែរគ្រូបង្វឹក លោក Shin Tae-yong មិនទាន់មានវត្តមាននៅលើទីលាននៅឡើយទេ។ លោកបន្តតាមដានកូនក្រូមរបស់លោកហ្វឹកហាត់ពីចម្ងាយ។

ទោះបីជាបែបនេះក៏ដោយការហ្វឹកហាត់របស់ក្រុម U-19 ឥណ្ឌូនេស៊ី នៅតែបន្តជាមួយនឹងអាំងតង់ស៊ីតេខ្ពស់ ហើយហាត់ ៣ដងក្នុងមួយថ្ងៃ ដែលជំរំនេះមានរយៈពេលរហូតដល់ចាកចេញទៅហ្វឹកហាត់នៅក្រៅប្រទេស។

ក្រុមជម្រើសជាតិ U-19 កម្ពុជា TC កំពុងត្រៀមសម្រាប់ការប្រកួត U-19 AFC Cup ឆ្នាំ ២០២០ នៅអ៊ូបេគីស្ថាននិង U-20 World Cup ឆ្នាំ ២០២១ នៅឥណ្ឌូនេស៊ី។

បញ្ជាក់ជាថ្មីម្ដងទៀតថា ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម១៩ឆ្នាំ នេះត្រូវស្ថិតនៅពូល A នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) ជាមួយ U-19 អ៊ូបេគីស្ថាន, U-19 កម្ពុជា និង U-19 អ៊ីរ៉ង់ ហើយកាលបរិច្ឆេទថ្មីនៃការប្រកួតគឺគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី០៣ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅលើទឹកដីនៃប្រទេសអ៊ូបេគីស្ថាន បន្ទាប់ពីបានលើកពេលម្ដងកាលពីខែតុលា ឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ-១៩៕

 

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី – pssi.org

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់