សមាជិក U-19 ឥណ្ឌូនេស៊ី ១រូបក្លាយជាគោលដៅក្រុមលីគកំពូលហូឡង់ Ajax និង FC Utrecht

មាស សុផាណារ៉ុង November 19, 2020


 

ឥណ្ឌូនេស៊ី៖ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាត្រូវបានក្លាយជាគោលដៅរបស់ក្លិបនៅហូឡង់ ដែលកំពុងលេងនៅលីគកំពូល (Eredivisie) គឺក្លិប FC Utrecht លើសពីនេះទៅទៀតខ្សែប្រយុទ្ធសមាជិក U-19 ជម្រើសជាតិឥណ្ឌូនេស៊ី Bagus Kahfi ក៏ត្រូវបានក្លិប Ajax Amsterdam កំណត់គោលដៅផងដែរ។

ព័ត៌មាននេះត្រូវបានលេចឮកាលពេលថ្មីៗនេះដោយប្រព័ន្ធផ្សព្វផ្សាយហូឡង់ ឈ្មោះថា Voetbal4U ដែលបាននិយាយថាកីឡាករ Bagus Kahfi កំពុងត្រូវបានក្លាយជាគោលដៅដោយក្លិប Eredivisie យក្សពីរ គឺ FC Utrecht និង Ajax Amsterdam។

ក្លិប FC Utrecht គឺនាំមុខដែលអាចនាំយកកីឡាករដែលកើតចេញពីការទទួលបានឱកាសក្រោយចូលរួមជាមួយក្រុមអាហារូបករណ៍បាល់ទាត់របស់ឥណ្ឌូនេស៊ី (Garuda Selection)។ Bagus Kahfi មានទំនាក់ទំនងល្អជាមួយ FC Utrecht ព្រោះក្លិបនេះបានជួយដល់ដំណើរការព្យាបាលរបួសរបស់កាលពីពេលដែល ក្រុម Garuda Selection ចេញទៅហ្វឹកហាត់នៅអ៊ឺរ៉ុប កាលពីឆ្នាំ២០១៩។

ស្វែងយល់ពីក្រុម Garuda Selection ៖ អាហាររូបករណ៍ក្រុម Garuda Selection ទៅហ្វឹកហាត់នៅអ៊ឺរ៉ុប

FC Utrecht ក៏ត្រូវបានគេរាយការណ៍ថាបានទាក់ទងដោយផ្ទាល់ជាមួយ ក្លិប Barito Putera ផងដែរ។ ក្លិបដែល Bagus Kahfi ប្រកបអាជីពជាមួយនៅលីគទី១ ឥណ្ឌូនេស៊ី មួយនេះ មិនរារាំងកីឡាករក្នុងការចេញទៅប្រកបអាជីពនៅអឺរ៉ុបនោះទេ។

សារព័ត៌មានហូឡង់ Voetbal4U សរសេរថា “FC Utrecht និង Ajax Amsterdam កំពុងតម្រង់គោលដៅទៅលើកីឡាករតែមួយដូចគ្នា។ គាត់គឺជាកីឡាករអាយុ ១៨ឆ្នាំ Bagus Kahfi ដែលលេងអោយក្លិបឥណ្ឌូនេស៊ី Barito Puteta។”

Bagus Kahfi ដែលជាកីឡាករបងប្អូនភ្លោះ ជាមួយ Bagas Kaffa ពិតជាបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យនៅពេលដែលគេស្ថិតក្នុងឯកសណ្ឋាននៃក្រុមជម្រើសជាតិឥណ្ឌូណេស៊ី អាយុក្រោម ១៦ឆ្នាំ និង អាយុក្រោម ១៩ឆ្នាំ។ ជាពិសេសនៅពេលដែលគាត់ចូលរួមជាមួយកម្មវិធីអាហារូបករណ៍ Garuda Selection កីឡាករ Bagus Kahfi បានធ្វើឲ្យអ្នកសង្កេតកីឡាករមានទេពកោសល្យជាច្រើននៅអឺរ៉ុបចាប់អារម្មណ៍ចំពោះគុណភាពរបស់គេ៕

 

ប្រភពព័ត៌មាន៖ indosport.com

មតិយោបល់