U-19 អ៊ីរ៉ង់ ផ្លាស់ប្ដូរគ្រូបង្វឹកថ្មីមួយរូបទៀត ក្នុងរយៈពេល ៤ខែ ដើម្បីត្រៀម AFC U19 Championship

មាស សុផាណារ៉ុង November 18, 2020


 

អ៊ីរ៉ង់៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ អាយុក្រោម ១៩ឆ្នាំ បានធ្វើការផ្លាស់ប្ដូរគ្រូបង្វឹកថ្មីមួយរូបទៀត និងជាគ្រូទី៣ ដែលមានការពាក់ព័ន្ធនឹង U-19 អ៊ីរ់ង់ ក្នុងរយៈពេល ៤ខែ នាអំឡុងពេលត្រៀមប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U19 Championship) ឆ្នាំ២០២០ ដែលលើកទៅលេងនៅឆ្នាំក្រោយ។ នេះបើយោងតាមសារព័ត៌មានអ៊ីរ៉ង់ tehrantimes

គ្រូបង្វឹកថ្មីនេះ មានឈ្មោះថា Davoud Mahabadi (៤៧ឆ្នាំ) ត្រូវបានតែងតាំងជាគ្រូ កាលពីថ្ងៃអង្គារ គ្រាដែលក្រៅពីការតែងតាំង លោក Mahabadi ជាគ្រូធំហើយ លោក Hamid Derakhshan អតីតគ្រូបង្វឹករបស់ក្លិប Persepolis ក៏ត្រូវបានតែងតាំងជានាយកបច្ចេកទេសរបស់ក្រុមផងដែរ។

គ្រូបង្វឹកវ័យ ៤៧ឆ្នាំរូបនេះបានធ្វើការជាមួយក្រុមនៅលីគកំពូលអ៊ីរ៉ង់ Fajr Sepasi ហើយចូលមកជំនួសលោក Parviz Mazloumi ដែលបានលាឈប់ពីតំណែងជាគ្រូបង្វឹកក្រុមអ៊ីរ៉ង់ U19 កាលពីដើមខែតុលា ដើម្បីធ្វើការជានាយកប្រតិបត្តិរបស់ក្លិបបាល់ទាត់អ៊ីរ៉ង់ Esteghlal ខណៈមុនលោក Parviz Mazloumi គឺមានលោក Sohrab Bakhtiarizadeh ដែលមានសេចក្ដីរាយការណ៍លើកឡើងថា ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ អាយុក្រោម ១៩ឆ្នាំ បានចរចារជាមួយសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ ប៉ុន្តែពុំអាចឈានទៅដល់ការព្រមព្រៀង។

យ៉ាងណាបច្ចុប្បន្ន U-19 អ៊ីរ់ង់ មានលោក Mahabadi ជាគ្រូបង្វឹកផ្លូវការ ហើយការងារថ្មីដែលលោកត្រូវធ្វើគឺនឹងត្រូវរៀបចំក្រុមអ៊ីរ៉ង់សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U19 Championship) ឆ្នាំ២០២០ ដែលលើកទៅលេងនៅខែមីនា ឆ្នាំ២០២១។

បញ្ជាក់ជាថ្មីម្ដងទៀតថា ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ អាយុក្រោម១៩ឆ្នាំ នេះត្រូវស្ថិតនៅពូល A នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) ជាមួយ U-19 អ៊ូបេគីស្ថាន, U-19 ឥណ្ឌូនេស៊ី និង U-19 កម្ពុជា ហើយកាលបរិច្ឆេទថ្មីនៃការប្រកួតគឺគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី០៣ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅលើទឹកដីនៃប្រទេសអ៊ូបេគីស្ថាន បន្ទាប់ពីបានលើកពេលម្ដងកាលពីខែតុលា ឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ-១៩៕

 

ប្រភព៖ tehrantimes

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់