U-19 ឥណ្ឌូនេស៊ី ត្រៀមចេញទៅហ្វឹកហាត់នៅបារាំងបន្ថែមទៀត ក្រោយហាត់នៅក្រូអាតជាង ២ខែ

មាស សុផាណារ៉ុង October 23, 2020


 

ក្រូអាត៖ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម ១៩ឆ្នាំ នឹងធ្វើដំណើរទៅកាន់ប្រទេសបារាំងនៅខែធ្នូ បន្ទាប់ពីចំណាយពេលប្រហែល ២ខែនៅប្រទេសក្រូអាស៊ី (ក្រូអាត) ដើម្បីបោះជំរំហ្វឹកហាត់ក្រៅប្រទេស។

ក្រុមដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក Shin Tae-yong បច្ចុប្បន្នស្ថិតនៅប្រទេសក្រូអាត ជាទីដែលពួកគេបានហ្វឹកហាត់ និងប្រកួតកម្ដៅសាច់ដុំជាច្រើនលើកច្រើនសារ ចាប់តាំងពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។

ក្រុមនេះនឹងធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសឥណ្ឌូនេស៊ី វិញនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយកីឡាករនឹងត្រូវវិលត្រឡប់ទៅកាន់ក្លិបរៀងៗខ្លួនវិញ មុនពេលដែលពួកគេបំពេញការងារបន្ទាប់ជាថ្មីម្ដងទៀត។

លោក Mochamad Iriawan ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) មានប្រសាសន៍ថា៖ “ក្រុមនេះនឹងធ្វើដំណើរទៅកាន់ប្រទេសបារាំង នៅថ្ងៃទី៨-២២ ខែធ្នូ ឆ្នាំ២០២០ មុនពេលចូលរួមក្នុងការប្រកួត Toulon Tournament (ពីថ្ងៃទី២១ ខែធ្នូ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ ២០២១)។ យើងនឹងបន្តឃ្លាំមើលវឌ្ឍនភាពរបស់ក្រុមដែលគោលដៅគឺដើម្បីពួកគេឆ្លងផុតវគ្គចែកពូល ហើយសង្ឃឹមថានឹងបញ្ចប់ក្នុងចំណោមក្រុមខ្លាំងទាំង៨។”

ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី អាយុក្រោម ១៩ឆ្នាំ បានធ្វើការបោះជំរំហ្វឹកហាត់ និងមានការប្រកួតនៅប្រទេសក្រូអាត តាំងពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ បច្ចុប្បន្នក្រុមរហស្សនាម គ្រុឌជំទង បានប្រកួតកម្ដៅសាច់ដុំ ចំនួន ៧ប្រកួតរួចមកហើយនៅប្រទេសក្រូអាស៊ី ដែលរួមមានប្រកួតទល់នឹង ប៊ុលហ្គារី (ចាញ់ ០-៣) ក្រូអាត (ចាញ់ ១-៧) អារ៉ាប៊ីសាអូឌីត (ស្មើ ៣-៣) និង ២ដងទៀតទល់នឹងកាតា (ឈ្នះ ២-១ និងស្មើ ១-១) បូស្នី (ចាញ់ ០-១), Dinamo Zagreb (ឈ្នះ ១-០) និងការប្រកួតមិត្តភាពចុងក្រោយគឺឈ្នះ ៤-០ លើក្រុម U19 Hadjuk Split (ក្រុមធំលេងនៅលីគកំពូលក្រូអាត)។

ជំរំហ្វឹកហាត់នៅក្នុងប្រទេសក្រូអាស៊ី របស់ឥណ្ឌូនេស៊ី គឺដើម្បីរៀបចំក្រុមសម្រាប់ការប្រកួតដណ្តើមពានរង្វាន់ ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship) ដែលគ្រោងនឹងធ្វើឡើងនៅដើមឆ្នាំ២០២១ នៅអ៊ូសបេគីស្ថាន។ លើសពីនេះ U-19 ឥណ្ឌូនេស៊ី នឹងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ដ៏ធំបំផុត គឺការប្រកួតបាល់ទាត់ពិភពលោក យុវជនអាយុក្រោម ២០ឆ្នាំ (FIFA U-20 World Cup) ដែលឥណ្ឌូណេស៊ី ត្រូវទទួលធ្វើជាម្ចាស់ផ្ទះផ្ទាល់នៅពាក់កណ្ដាលឆ្នាំ២០២០១ ផងដែរ។

U-19 ឥណ្ឌូនេស៊ី គឺស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុម U-19 កម្ពុជា និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់ ក្នុងពានជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship)៕

 

ប្រភព និងរូបភាព៖ pssi.org

មតិយោបល់