បាល់ទាត់វៀតណាម ដាក់ប្រអប់បរិច្ចាគមុនការប្រកួត ដើម្បីចូលរួមឧបត្ថម្ភដល់ជនរងគ្រោះដោយទឹកជំនន់ធំជាប្រវត្តិសាស្ត្រ

មាស សុផាណារ៉ុង October 22, 2020


 

វៀតណាម៖ កីឡាករ និងក្លិបបាល់ទាត់ក្នុងស្រុក (វៀតណាម) កំពុងបរិច្ចាគប្រាក់ដើម្បីជួយដល់អ្នកដែលរងគ្រោះដោយសារទឹកជំនន់ជាប្រវត្តិសាស្ត្រនៅភាគកណ្តាលប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានវៀតណាម vnexpress.net

នៅមុនការប្រកួតលីគកំពូលវៀតណាម (លីគទី១) ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែតុលា ក្រុមហ៊ុនលីគបាល់ទាត់វៀតណាម កីឡាករ និងក្លិបនានា បានចាប់ផ្តើមយុទ្ធនាការបរិច្ចាគសម្រាប់ផ្ដល់ទៅឲ្យប្រជាជននៅភាគកណ្តាលប្រទេសវៀតណាម ជាទីដែលគេកំពុងរងគ្រោះទឹកជំនន់កម្រិតធំជាប្រវត្តិសាស្ត្រ។

គណៈកម្មការរៀបចំការប្រកួតលីគ បានដាក់ប្រអប់បរិច្ចាគនៅទីតាំងជាក់លាក់ក្នុងកីឡដ្ឋាន សម្រាប់អ្នកគាំទ្រ និងកីឡាករ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះនៅភាគកណ្តាលនៃប្រទេសវៀតណាម។ គ្រូបង្វឹក Park Hang-seo នៃក្រុមជម្រើសជាតិវៀតណាម ក៏បានចូលរួមបរិច្ចាគជាមួយបុព្វហេតុនេះដែរ។

កាលពីថ្ងៃអង្គារ សហព័ន្ធបាល់ទាត់វៀតណាម (VFF) បានបង្ហាញថាខ្លួនបានទទួលប្រាក់ចំនួន ២០០លានដុង (ប្រហាក់ប្រហែល ៨,៦០០ដុល្លាអាមេរិក) ពីបុគ្គលិកដើម្បីជួយដល់ប្រជាជននៅក្នុងតំបន់រងគ្រោះ។ VFF បាននិយាយថាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខ្លួន និងអ្នករៀបចំការប្រកួតលីគផ្សេងទៀតបានបើកយុទ្ធនាការជាច្រើនដើម្បីគាំទ្រដល់ជនរងគ្រោះដោយទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាម។

សូមបញ្ជាក់ថា ខេត្តភាគកណ្ដាលរបស់ប្រទេសវៀតណាម រួមមានខេត្ត Ha Tinh, ខេត្ត Quang Binh, ខេត្ត Quang Tri និងខេត្ត Thua Thien Hue បានរងការវាយប្រហារខ្លាំងបំផុតដោយសារភ្លៀងធ្លាក់ឥតឈប់ឈរកាលពី ២សប្តាហ៍មុន ដែលបង្កឱ្យមានទឹកជំនន់ និងការបាក់ដី ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១១នាក់៕

 

ប្រភព៖ vnexpress.net

មតិយោបល់