គ្រូបង្វឹក ៥រូបបាត់បង់ការងារ ក្រោយលីគកំពូលថៃ ទើបដំណើរការប្រកួតបាន ៩សប្ដាហ៍

មាស សុផាណារ៉ុង October 19, 2020


 

ថៃ៖ លីគកំពូលថៃ ជាលីគដែលគេទទួលស្គាល់ថាមានកម្រិតប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ក្នុងរដូវកាល២០២០ ដែលដំណើរប្រកួតបានតែ ៩សប្ដាហ៍ប៉ុណ្ណោះ បានធ្វើឲ្យគ្រូបង្វឹកដល់ទៅ ៥រូបទៅហើយ បាត់បង់តំណែង។ ដកស្រង់ចេញពីសារព័ត៌មានថៃ siamsport

គ្រូបង្វឹកទាំង ៥នាក់ ដែលអស់តួនាទីពីក្លិប មាន ៣រូបជាគ្រូបង្វឹកជនជាតិថៃ និង ២រូបទៀតជាគ្រូបង្វឹកសញ្ជាតិបរទេស មកពី ៤ក្រុម មានដូចខាងក្រោម៖

គ្រូបង្វឹកដែលអស់តួនាទីមុនគេ គឺលោក Chusak Sripoom ដោយលោកសម្រេចលាលែងតួនាទីជាគ្រូពីក្លិប Rayong FC តាំងពីខែកុម្ភៈ ក្រោយដឹកនាំក្រុម ៣ប្រកួតចាញ់ទាំង ៣ប្រកួត។

ទី២ គឺលោក Choktawee Promrat បានអស់តួនាទីពីក្លិប Port FC បន្ទាប់ពីដឹកនាំក្រុមប្រកួតបាន ៤ប្រកួត ឈ្នះ ៣ និងស្មើ ១ បន្ទាប់មកជំនួសដោយ លោក Jadet Meelarp ហើយក៏បន្តអស់តំណែងដូចគ្នា និងក្លាយជាគ្រូបង្វឹកទី៣ បាត់បង់ការងារនៅលីគកំពូលថៃ ក្រោយដឹកនាំក្រុមប្រកួត ២លើក ចាញ់ទាំង ២លើក។

គ្រូបង្វឹកទី៤ គឺលោក Alexandre Gama បានលាលែងពីក្លិប Muangthong United ក្រោយដឹកនាំក្រុម ៨ប្រកួតក្នុងលីគ ឈ្នះតែ ៣លើក ស្មើ១ លើក និងចាញ់ដល់ទៅ ៤លើក នាំឲ្យក្រុមបច្ចុប្បន្នឈរនៅលេខ១១ មានតែ ១០ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង BG Pathum United ដល់ទៅ ១៣ពិន្ទុ។

ដោយឡែកគ្រូបង្វឹកចុងក្រោយគេដែលទើបតែលាលែងពីតំណែងដូចគ្នានោះ គឺ លោក Mano Polking សម្រេចចិត្តចាកចេញពីក្លិប Bangkok United បន្ទាប់ពីដឹកនាំក្រុមប្រកួត ៩លើកក្នងលីគ ឈ្នះ ៥ដង និងចាញ់ ៤ដង។

សូមបញ្ជាក់ដែរថា សកម្មភាពបាល់ទាត់នៅក្នុងប្រទេសថៃត្រូវបានផ្អាកកាលពីខែមីនាឆ្នាំនេះ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ ហើយលីគក្នុងស្រុកបានចាប់ផ្តើមឡើងវិញកាលពីថ្ងៃទី១២ ខែកញ្ញា នឹងបញ្ចប់នៅខែឧសភា ឆ្នាំក្រោយ៕

 

ប្រភពព័ត៌មាន៖  siamsport

មតិយោបល់