បាល់ទាត់ថៃ ទទួលបានដៃគូផ្សព្វផ្សាយថ្មីហ៊ានចាយ ៣០០លានដុល្លារអាមេរិកសម្រាប់រយៈពេល ៨ឆ្នាំ

មាស សុផាណារ៉ុង October 16, 2020


 

ថៃ៖ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Zense Entertainment និង Eleven Sports កាលពីម្សិលមិញត្រូវបានប្រកាសជាផ្លូវការ ក្នុងការទទួលសិទ្ធិជាទូរទស្សន៍ផ្សាយផ្លូវការ សម្រាប់រាល់សកម្មភាពដែលរៀបចំឡើងដោយសមាគមកីឡាបាល់ទាត់ថៃ (FAT) រយៈពេល ៨ឆ្នាំ។

Zense Entertainment បានបង្កើតភាពជាដៃគូជាមួយ Eleven Sports ដែលជាក្រុមពហុបណ្តាញទូរទស្សន៍កីឡា មានមូលដ្ឋាននៅចក្រភពអង់គ្លេស ដើម្បីទទួលសិទ្ធិផ្សាយនៅលើទូរទស្សន៍សម្រាប់បាល់ទាត់ថៃ។

សន្និសីទកាសែតមួយដែលមានចំណងជើងថា “Thai Football — The Future is You” ត្រូវបានគេប្រាប់កាលពីម្សិលមិញថាកិច្ចសន្យានេះ គឺគ្របដណ្តប់ទៅលើ ក្រុមជម្រើសជាតិថៃ (ទាំងបុរស និងនារី), ក្រុមហ្វូតសាល, លីគកំពូថៃ និងលីគទី២, ពានរង្វាន់ខាប់ (ទាំង Thai FA Cup និង Thai League Cup) រួមទាំងលីគលំដាប់ទី៣ ផងដែរ។ ក្រៅពីនេះក៏មានការប្រកួតបាល់ទាត់លីគហ្វូតសាល (ទាំងបុរស និងនារី) ការប្រកួតកីឡាអាឡិចត្រូនិច (esports) ប្រកួតលេងហ្គេមបាល់ទាត់ ដែលតែងតែធ្វើឡើងនៅក្នុងប្រទេស។

សារព័ត៌មាន Bangkokpost បានបញ្ជាក់ កិច្ចព្រមព្រៀងនេះត្រូវបានគេរាយការណ៍ថាមានតម្លៃរហូតដល់ ៩,៦ពាន់លានបាត (ប្រហាក់ប្រហែល ៣០៧,៣៩៦,៨០០ ដុល្លារអាមេរិក) ឯណោះ ដោយក្នុងមួយឆ្នាំមានទំហំទឹកប្រាក់ ១,២ពាន់លានបាត (ប្រហាក់ប្រហែល ៣៨,៤២៤,៦០០ ដុល្លារអាមេរិក)៕

 

ប្រភព៖ bangkokpost.com

មតិយោបល់