លីគឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី បញ្ចប់ជាផ្លូវការ ខណៈសិង្ហបុរី ទើបតែប្រកាសថ្ងៃចាប់ផ្ដើមឡើងវិញ

មាស សុផាណារ៉ុង October 12, 2020


 

អាស៊ីអាគ្នេយ៍៖ លីគបាល់ទាត់ក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) បានបញ្ចប់ និងរកឃើញជើងឯកមួយចំនួនហើយ ពោលគឺ មីយ៉ាន់ម៉ា, ឡាវ និងម៉ាឡេស៊ី សម្រាប់រដូវកាល២០២០ ដែលជារដូវកាលមួយត្រូវបានគេចាត់ទុកថាពោរពេញទៅដោយការអូសបន្លាយ ដោយសារវិបត្តិជំងឺរាតត្បាតជាសាកល កូវីដ-១៩។

Lao Toyota ជាមួយពិធីលើកពានកាលពីម្សិលមិញ

គិតមកទល់ពេលនេះ លីគកំពូលមីយ៉ាន់ម៉ា, ឡាវ និងម៉ាឡេស៊ី បានបញ្ចប់ និងរកឃើញជើងឯកជាផ្លូវការពោលគឺ មីយ៉ាន់ម៉ា ម្ចាស់ជើងឯកគ្រប់គ្រងដោយ Shan United ខណៈ លីគកំពូលឡាវ គឺបានទៅ Lao Toyota FC និងក្លិបអ្នកមាននៅម៉ាឡេស៊ី Johor Darul Ta’zim គ្រងជើងឯកជាលើកទី៧ ជាប់ៗគ្នា។

លីគដែលកៀកទៅបញ្ចប់ផងដែរនោះ គឺលីគកំពូលកម្ពុជា ដោយនៅខ្វះតែសប្ដាហ៍ទៀតប៉ុណ្ណោះ (និយាយជារួម) និងខ្វះតែ ១សប្ដាហ៍សម្រាប់ការប្រកួតក្នុងតំបន់ប្រជែងជើងឯក (Top 6) ខណៈ បឹងកេត ជាមួយ ព្រះខ័នរាជស្វាយរៀង គឺជាបេក្ខភាព ២ចុងក្រោយដែលត្រូវដណ្ដើមជើងឯកគ្នា។

ជុំវិញលីគបាល់ទាត់នៃប្រទេសមួយចំនួនទៀតក៏បានណើរការឡើងវិញ និងគ្រោងដំណើរការផងដែរ ដូចជា៖

  • ថៃ៖ កំពុងដំណើរការប្រកួត (ប្រកួតបាន ៨សប្ដាហ៍)
  • វៀតណាម៖ កំពុងដំណើរការប្រកួត (ប្រកួតបាន ១៤សប្ដាហ៍)
  • ហ្វីលីពីន៖ គ្រោងដំណើរការប្រកួត នៅថ្ងៃទី១៥ ខែតុលា (ពុំទាន់ចាប់ផ្ដើមនៅឡើយ)
  • ឥណ្ឌូនេស៊ី៖ គ្រោងដំណើរការឡើងវិញ ក្នុងអំឡុងខែវិច្ឆិកា (ប្រកួតបាន ៣សប្ដាហ៍)
  • សិង្ហបុរី៖ គ្រោងដំណើរការប្រកួត នៅថ្ងៃទី១៧ ខែតុលា (ប្រកួតបាន ៤សប្ដាហ៍)
  • ព្រុយណេ៖ លុបចោល
  • ទីម័រខាងកើត៖ ពុំមានការបញ្ជាក់ច្បាស់ (ពុំទាន់ចាប់ផ្ដើមនៅឡើយ) ប៉ុន្តែបច្ចុប្បន្នកំពុងប្រកួតខាប់

គួរបញ្ជាក់ថា រដូវកាល២០២០ នេះ បាល់ទាត់នៅជុំវិញពិភពលោក បាននឹងកំពុងស្ថិតក្នុងស្ថានភាពអាក្រក់បំផុត និងពុំដែលជួបប្រទះដោយសារតែការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ បណ្ដាលមកពីវីរុសកូរ៉ូណា បង្ខំឲ្យលីគបាល់ទាត់ប្រទេសជាច្រើនផ្អាក និងពន្យាពេលជាច្រើនលើកច្រើនសារ និងមានលីគខ្លះឈានទៅដល់លុបចោល (ដូចជាករណីនៅអាស៊ាន លីគកំពូលព្រុយណេ បានលុបចោល) ចាប់តាំងពីអំឡុងខែមីនា មក បន្ទាប់ជំងឺនេះរីករាលដាលខ្លាំង។

និយាយអំពីតំបន់អាស៊ីអាគ្នេយ៍ជាថ្មី ចំពោះក្របខណ្ឌជម្រើសជាតិវិញ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានប្រកាសពន្យាពេលគ្រប់កម្មវិធីទាំងអស់ ទាំងបាល់ទាត់ជម្រើសជាតិឈុតធំ, ឈុតយុវជន, នារី, ហ្វូតសាល និងបាល់ទាត់ឆ្នេរខ្សាច់ ដោយសារការនៅតែបន្តរីករាលដាលនៃជំងឺកូវីដ-១៩៕

 

រូបភាព៖ Metfone Cambodian League | Lao Premier League

មតិយោបល់