លីគគំពូលហ្វីលីពីន អស់ជម្រើសមានតែបង្ខំចិត្តលេងលើទីលានតែមួយ និងគ្រប់ក្លិប ត្រូវស្នាក់នៅក្នុងសណ្ឋាគារមួយរួមគ្នា

មាស សុផាណារ៉ុង October 9, 2020


 

ហ្វីលីពីន៖ ការប្រកួតលីគកំពូលហ្វីលីពីន ត្រូវបានកំណត់កាលបរិច្ឆេទចាប់ផ្ដើមលីគ សម្រាប់ឆ្នាំ ២០២០ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហាត់របស់សហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន ក្នុងទីក្រុង Carmona។ នេះបើតាមការប្រកាសដោយ លីគកំពូលហ្វីលីពីន ផ្ទាល់។

ខណៈដែលលីគរង់ចាំភ្លើងខៀវ ស្នងការរៀបចំការប្រកួតលីគ លោក Torre បានដាក់ចេញនូវទម្រង់នៃការប្រកួតប្រជែងសម្រាប់រដូវកាលនេះ ដោយនឹងមានការប្រកួតប្រជែងវិលជុំតែមួយជុំប៉ុណ្ណោះ រួចទើបបន្ថែមដោយការប្រកួតនៅជុំផ្តាច់ព្រ័ត្រ។ ក្រុមនីមួយៗនឹងត្រូវប្រកួតចំនួន ៥ប្រកួត ហើយមានតែ ៤ក្រុមប៉ុណ្ណោះដែលអាចឈានទៅប្រកួតនៅជុំផ្តាច់ព្រ័ត្រ។

ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ លីគកំពូលហ្វីលីពីនកំពុងរៀបចំ ឲ្យមានការស្នាក់នៅរួមគ្នា ក្នុងសណ្ឋាគារមួយ ដែលនៅក្បែរមជ្ឈមណ្ឌលហ្វឹកហាត់របស់សហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន សម្រាប់រយៈពេលនៃការប្រកួត។

គ្រប់ក្លិប និងមន្រ្តីប្រកួតទាំងអស់នឹងស្នាក់នៅរួមគ្នា ហើយនឹងត្រូវបានអនុញ្ញាតឲ្យចាកចេញតែត្រឹមបរិវេនសម្រាប់ការហ្វឹកហាត់ និងការប្រកួតនៅទីក្រុង Carmona ប៉ុណ្ណោះ។

លីគកំពូលហ្វីលីពីន កំពុងបញ្ចប់ពិធីសាររបស់ខ្លួនសម្រាប់ការអនុម័តដោយគណៈកម្មាធិការរៀបចំការប្រកួត និងសកម្មភាព និងនាយកដ្ឋានសុខាភិបាល។ PFL ក៏កំពុងឈានដល់កិច្ចព្រមព្រៀងក្នុងការផ្សព្វផ្សាយ ដែលនឹងអនុញ្ញាតឲ្យអ្នកគាំទ្រអាចទស្សនាការផ្សាយផ្ទាល់ការប្រកួត តាមគ្រប់រូបភាពផ្សេងៗគ្នា។

សូមបញ្ជាក់ថា លីគកំពូលហ្វីលីពីន មានក្រុមចូលរួមតែ ៦ប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍ គឺមាន ៣កៅអីដែលត្រូវផ្ដល់ដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ដើម្បីចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់ប្រចាំទ្វីបទាំងពីរ (AFC Champions League និង AFC Cup) ក្នុងនោះរួមមាន AFC Champions League ១កៅអីកន្លះ (១កៅអីឡើងវគ្គចែកពូលដោយមិនបាច់ជម្រុះ និង ១កៅអីប្រកួតជម្រុះ) និងពាន AFC Cup ១កៅអី ឡើងវគ្គចែកពូលដោយមិនបាច់ជម្រុះផងដែរ។

គួរដឹងដែរថា ហ្វីលីពីន គឺជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានករណីឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ ពោលគឺ គិតត្រឹមថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ គឺមាន ៣៣១,៨៦៩ករណីឆ្លង និងមានស្លាប់ ៦,០៦៩នាក់ ហើយមានអ្នកជាសះស្បើយប្រមាណ ២៧៤,៣១៨នាក់ មានអ្នកសម្រាកព្យាបាលជំងឺដល់ទៅ ៥៧,៥៥១នាក់៕

 

ប្រភព៖ Philippines Football League

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់