កីឡាករម៉ាឡេស៊ី ម្នាក់ទៀតចេញទៅប្រកបអាជីពនៅលីគកំពូលព័រទុយហ្គាល់ ក្នុងលក្ខខណ្ឌខ្ចីជើង

មាស សុផាណារ៉ុង October 8, 2020


 

ព័រទុយហ្គាល់៖ កីឡាករ Safawi Rasid ត្រូវបានបង្ហាញជាផ្លូវការក្នុងការក្លាយទៅជាកីឡាកររបស់ ក្លិប Portimonense កាលពីថ្ងៃពុធ ពីក្លិប Johor Darul Ta’zim (JDT)។

ខ្សែបម្រើស្លាបរបស់ម៉ាឡេស៊ី ដែលនឹងពាក់អាវលេខ២៩ ចូលរួមជាមួយក្លិបព័រទុយហ្កាល់ ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាលជាមួយនឹងជម្រើសក្នុងការទិញផ្ដាច់នៅចុងបញ្ចប់នៃរដូវកាលនេះ។

«ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពសម្រាប់ Portimonense ហើយខ្ញុំពិតជាមិនអាចរង់ចាំការបង្ហាញខ្លួនជាមួយក្លិបបានទេ។ ខ្ញុំសង្ឃឹមថា [អំឡុងពេលរបស់ខ្ញុំនៅទីនេះ] ខ្ញុំនឹងផ្តល់អ្វីមួយដល់ក្លិប។» កីឡាកររូបនេះ បានបង្ហាញឆន្ទៈ។

Safawi អាចមានសក្តានុពលក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គេ ជាមួយ Maritimo ដែលជាក្លិបបាល់ទាត់របស់កីឡាករមកពីអាស៊ីអាគ្នេយ៍ដូចគ្នា (ព្រុយណេ) Faiq Jefri Bolkiah (ក្មួយព្រះចៅស៊ូលតង់ ព្រុយណេ) នៅពេលដែលលីកត្រលប់មកវិញ បន្ទាប់ពីការប្រកួតរបស់ក្រុមជម្រើសជាតិ។

កីឡាករ Safawi Rasid ទើបតែមានវ័យ ២៣ឆ្នាំ កំពុងក្លាយជាកីឡាករដែលមានប្រជាប្រិយភាព និងឡើងជើងខ្លាំងដោយបានជាប់ជម្រើសជាតិម៉ាឡេស៊ី ឈុតធំ តាំងពីឆ្នាំ២០១៦ ក្នុងវ័យ ១៩ឆ្នាំ ហើយបង្ហាញខ្លួនបាន ៣៤ប្រកួត ទាត់បញ្ចូលទី ១០គ្រាប់។

ការផ្ទេររបស់ Safawi Rasid ទៅទ្វីបអ៊ឺរ៉ុបនេះ គឺក្លាយជាកីឡាករទី២ របស់ម៉ាឡេស៊ី ដែលទៅប្រកបអាជីពនៅទីនោះ បន្ទាប់ពីកីឡាករ Luqman Hakim Shamsudin ផ្លាស់ទៅចូលរួមក្រុមនៅលីគកំពូលបែលហ្ស៊ិក គឺ KV Kortrijk (KVK) កាលពីចុងខែកក្កដា៕

 

ប្រភពព័ត៌មាន៖ stadiumastro.com

មតិយោបល់