U-19 ឥណ្ឌូនេស៊ី បន្តហ្វឹកហាត់នៅក្រូអាត ជាមួយលំហាត់កាយសម្បទាកាន់តែខ្លាំងក្លា

មាស សុផាណារ៉ុង October 6, 2020


 

ក្រូអាត៖ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី អាយុក្រោម ១៩ឆ្នាំ នៅតែបន្តទទួលបានការរីកចម្រើននៅជំរំហ្វឹកហាត់ (TC) នៅប្រទេសក្រូអាស៊ី (ក្រូអាត) ខណៈគ្រូបង្វឹកលោក Shin Tae-yong នៅសប្តាហ៍នេះបានធ្វើលំហាត់ប្រាណកាយសម្បទាកាន់តែខ្លាំងក្លាម្តងទៀត។

បច្ចុប្បន្ន ក្រុម U-19 ឥណ្ឌូនេស៊ី កំពុងស្ថិតនៅក្នុងទីក្រុង Split បន្ទាប់ពីចំណាយពេល ១ខែបោះជំរំហ្វឹកហាត់ នៅ Svati Martin និង Muri និង Zagreb ក្នុងប្រទេសក្រូអាត។

លោក Shin Tae-yong បាននិយាយថា៖ «យើងផ្តល់នូវកម្មវិធីនៃការហ្វឹកហាត់ដែលមានអាំងតង់ស៊ីតេខ្ពស់នៅសប្តាហ៍នេះ ទាំងនៅលើទីលាន និងកន្លែងហាត់ប្រាណ។ យើងធ្វើដូចនេះមុនពេលត្រលប់ទៅរកការប្រកួតដកស្រង់បច្ចេកទេសមួយចំនួនម្ដងទៀត។»

អតីតគ្រូជម្រើសជាតិកូរ៉េខាងត្បូង (ឈុតធំ) រូបនេះបានបន្ថែមទៀតថា៖ «នៅទីនេះខ្យល់អាកាសមានភាពកក់ក្តៅ ហើយទីលានក៏ល្អផងដែរ។ ពិតណាស់ កីឡាករត្រូវតែខិតខំធ្វើការខ្លាំងក្លានិងផ្តោតអារម្មណ៍លើជំរំហ្វឹកហាត់នេះ។»

ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី អាយុក្រោម ១៩ឆ្នាំ បានធ្វើការបោះជំរំហ្វឹកហាត់ និងមានការប្រកួតនៅប្រទេសក្រូអាត តាំងពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ បច្ចុប្បន្នក្រុមរហស្សនាម គ្រុឌជំទង បានប្រកួតកម្ដៅសាច់ដុំ ចំនួន ៧ប្រកួតរួចមកហើយនៅប្រទេសក្រូអាស៊ី ដែលរួមមានប្រកួតទល់នឹង ប៊ុលហ្គារី (ចាញ់ ០-៣) ក្រូអាត (ចាញ់ ១-៧) អារ៉ាប៊ីសាអូឌីត (ស្មើ ៣-៣) និង ២ដងទៀតទល់នឹងកាតា (ឈ្នះ ២-១ និងស្មើ ១-១) បូស្នី (ចាញ់ ០-១) និង Dinamo Zagreb (ឈ្នះ ១-០) ។

ជំរំហ្វឹកហាត់នៅក្នុងប្រទេសក្រូអាស៊ី របស់ឥណ្ឌូនេស៊ី គឺដើម្បីរៀបចំក្រុមសម្រាប់ការប្រកួតដណ្តើមពានរង្វាន់ ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship) ដែលគ្រោងនឹងធ្វើឡើងនៅដើមឆ្នាំ២០២១ នៅអ៊ូសបេគីស្ថាន។ លើសពីនេះ U-19 ឥណ្ឌូនេស៊ី នឹងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ដ៏ធំបំផុត គឺការប្រកួតបាល់ទាត់ពិភពលោក យុវជនអាយុក្រោម ២០ឆ្នាំ (FIFA U-20 World Cup) ដែលឥណ្ឌូណេស៊ី ត្រូវទទួលធ្វើជាម្ចាស់ផ្ទះផ្ទាល់នៅពាក់កណ្ដាលឆ្នាំ២០២០១ ផងដែរ។

U-19 ឥណ្ឌូនេស៊ី គឺស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុម U-19 កម្ពុជា និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់ ក្នុងពានជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship)៕

 

ប្រភព និងរូបភាព៖ pssi.org

មតិយោបល់