ឡាវ និងមីយ៉ាន់ម៉ា រកឃើញជើងឯកលីគ ខណៈម៉ាឡេស៊ី កៀកនឹងរកឃើញម្ចាស់ជើងឯក អាចនឹង Johor សារជាថ្មី

មាស សុផាណារ៉ុង October 2, 2020


 

អាស៊ីអាគ្នេយ៍៖ លីគបាល់ទាត់ក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) បានរកឃើញជើងឯកមួយចំនួនហើយ ពោលគឺឡាវ ជាមួយ មីយ៉ាន់ម៉ា បានរកឃើញម្ចាស់ជើងឯកមុនគេ ខណៈម៉ាឡេស៊ី ជាមួយ កម្ពុជា ក៏កាន់តែកៀកទៅរកឃើញម្ចាស់ជើងឯកលីគ រដូវកាល២០២០ ដែលជារដូវកាលពិបាកបំផុតក្នុងពិភពបាល់ទាត់ ដូចគ្នា។

លីគកំពូលឡាវ៖

ម្ចាស់ជើងឯកលីគកំពូលឡាវ រដូវកាល២០២០ គឺបានរកឃើញតាំងពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ ពោលគឺបានទៅលើ ក្លិប Lao Toyota FC សារជាថ្មី និងជាលើកទី៥ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប បន្ទាប់ពីដាច់ពិន្ទុក្រុមលេខ២ ចំនួន ៧ពិន្ទុគ្រាដែលការប្រកួតនៅសល់ ២លើកទៀតនឹងបញ្ចប់។ ការឈ្នះជើងឯករដូវកាល ២០២០ នេះ ក៏ជាលើកទី៤ ជាប់ៗគ្នាផងដែរសម្រាប់ Lao Toyota។

លីគកំពូលឡាវ បានចាប់ផ្ដើមពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ដោយមាន ៧ក្រុមចូលរួមប្រកួត ជាមួយនឹងវិបត្តិកូវីដ-១៩ ការប្រកួតបានបង្រួមមកត្រឹមការប្រកួត ២ជើងប៉ុណ្ណោះ ខណៈជាធម្មតាលីគដែលមានចំនួនក្រុមតិចមួយនេះ ធ្វើការប្រកួតចំនួន ៣ជើងឯណោះ។

លីគកំពូលមីយ៉ាន់ម៉ា៖

ដូចគ្នាផងដែរទៅនឹងលីគឡាវ ងាកមកលីគកំពូលមីយ៉ាន់ម៉ា វិញក៏បានរកឃើញក្រុមជើងឯកដូចគ្នា ពោលគឺគ្រប់គ្រងដោយ Shan United បន្ទាប់ពីប្រកួត បញ្ចប់រដូវកាលឈ្នះពិន្ទុដាច់ក្រុមលេខ២ Hantharwady United ចំនួន ៤ពិន្ទុ ក្រោយប្រកួត ១៨សប្ដាហ៍ដ៏តានតឹង។ ឈ្នះពានក្នុងរដូវកាល២០២០ នេះ គឺជាលើកទី៣ សម្រាប់ប្រវត្តិសាស្ត្ររបស់ក្លិប និងការពារតំណែងជើងឯកបានដោយជោគជ័យផងដែរ។

លីគកំពូលមីយ៉ាន់ម៉ា បានចាប់ផ្ដើមតាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ដោយមាន ១២ក្រុមចូលរួមប្រកួត ប៉ុន្តែជាមួយនឹងវិបត្តិកូវីដ-១៩ មានក្រុមចំនួន ២បានប្រកាសដកខ្លួនដោយសារបញ្ហាហិរញ្ញវត្ថុ នាំឲ្យលីគនៅសល់ ១០ក្រុម ខណៈប្រកួតដែលក្រុមណាមួយធ្លាប់លេងតទល់ជាមួយក្រុមដែលដកខ្លួនខាងលើ គឺត្រូវលុបចោលទាំងអស់។

លីគកំពូលម៉ាឡេស៊ី៖ 

ចំពោះលីគកំពូលម៉ាឡេស៊ី ក៏កាន់តែកៀកទៅរកឃើញម្ចាស់ជើងឯក ផងដែរ ពោលគឺអាចនឹង ក្លិបអ្នកមាន Johor Darul Ta’zim សារជាថ្មី ក្រោយកំពុងនាំមុខក្រុមលេខ២ ៦ពិន្ទុ គ្រាដែលការប្រកួតនៅសល់តែ ២ប្រកួតទៀតប៉ុណ្ណោះ ប៉ុន្តែលីគគិតលើរូបមន្តគ្រាប់បាល់ចំណេញ ដែលជាហេតុនាំឲ្យការប្រកួតចុងសប្ដាហ៍នេះ គឺជាសប្ដាហ៍កាត់សេចក្ដី ខណៈ Johor ត្រូវការត្រឹមតែស្មើប៉ុណ្ណោះក៏អាចលើកពានជាលើកទី៧ ជាប់ៗគ្នាបានផងដែរ។

លីគកំពូលម៉ាឡេស៊ី បានចាប់ផ្ដើមដំនាលគ្នាទៅនឹងលីគកំពូលកម្ពុជា ពោលគឺតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ-១៩ ការប្រកួតបានពន្យាពេលជិត ៤ខែ ហើយបានចាប់ផ្ដើមឡើងវិញជាមួយនឹងបង្រួមកម្មវិធីប្រកួតមកនៅត្រឹមការប្រកួតតែមួយជើង។

ជុំវិញលីគបាល់ទាត់នៃប្រទេសមួយចំនួនទៀតក៏បានណើរការឡើងវិញ និងគ្រោងដំណើរការផងដែរ ដូចជា៖

  • ថៃ៖ កំពុងដំណើរការប្រកួត (ប្រកួតបាន ៧សប្ដាហ៍)
  • វៀតណាម៖ កំពុងដំណើរការប្រកួត (ប្រកួតបាន ១៣សប្ដាហ៍ ចប់ជុំទី១)
  • ហ្វីលីពីន៖ គ្រោងដំណើរការប្រកួត នៅថ្ងៃទី១៥ ខែតុលា (ពុំទាន់ចាប់ផ្ដើមនៅឡើយ)
  • ឥណ្ឌូនេស៊ី៖ គ្រោងដំណើរការឡើងវិញ ក្នុងអំឡុងខែវិច្ឆិកា (ប្រកួតបាន ៣សប្ដាហ៍)
  • សិង្ហបុរី៖ គ្រោងដំណើរការប្រកួត នៅថ្ងៃទី១០ ខែតុលា (ប្រកួតបាន ៤សប្ដាហ៍)
  • ព្រុយណេ៖ លុបចោល
  • ទីម័រខាងកើត៖ ពុំមានការបញ្ជាក់ច្បាស់ (ពុំទាន់ចាប់ផ្ដើមនៅឡើយ)

និយាយចំពោះក្របខណ្ឌជម្រើសជាតិវិញ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានប្រកាសថានឹងពន្យាពេលគ្រប់កម្មវិធីទាំងអស់ ទាំងបាល់ទាត់ជម្រើសជាតិឈុតធំ, ឈុតយុវជន, នារី, ហ្វូតសាល និងបាល់ទាត់ឆ្នេរខ្សាច់ ដោយសារការនៅតែបន្តរីករាលដាលនៃជំងឺកូវីដ-១៩៕

 

រូបភាព៖ Lao Premier League | Myanmar National League | Johor Southern Tiger FC

មតិយោបល់