ឥណ្ឌូនេស៊ី ពន្យាពេលលីគរបស់ខ្លួនសារជាថ្មី ដោយសារកូវីដ-១៩ ប្រទេសនេះកើនដល់ ២៨ម៊ឺននាក់

មាស សុផាណារ៉ុង October 1, 2020


 

ឥណ្ឌូនេស៊ី៖ ការប្រកួតលីគកំពូលឥណ្ឌូនេស៊ី ត្រូវបានគេសន្មត់ថានឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី០១ ខែតុលាឆ្នាំ ២០២០ នេះ ប៉ុន្តែប៉ូលីសឥណ្ឌូនេស៊ី បានបដិសេធមិនផ្តល់ការអនុញ្ញាតសម្រាប់ការប្រកួតឡើយ។

ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី បានលើកឡើងដូច្នេះថា៖ “យើងគោរពសេចក្តីសំរេចរបស់ប៉ូលីសលើបញ្ហានេះ។ យើងសង្ឃឹមថាការប្រកួតនេះអាចនឹងចាប់ផ្តើមឡើងវិញក្នុងខែវិច្ឆិកា ព្រោះវានឹងអនុញ្ញាតឲ្យយើងបញ្ចប់លីគនៅខែមីនា ឆ្នាំ២០២១។” 

“ប្រសិនបើលីគនឹងត្រូវចាប់ផ្តើមឡើងវិញក្នុងខែធ្នូ ឆ្នាំ២០២០ នោះវាអាចនឹងមានបញ្ហាដោយសារបុណ្យ Ramadhan នៅខែមេសា និងបាល់ទាត់ពិភពលោក យុវជនអាយុក្រោម ២០ឆ្នាំ (FIFA U20 World Cup) នៅខែឧសភា ដល់ខែមិថុនា ឆ្នាំ ២០២១។ ប៉ុន្តែខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងរក្សាភាពស្ងប់ស្ងាត់ ហើយការសម្រេចចិត្តពន្យារពេលការប្រកួតត្រូវបានធ្វើឡើងដោយផ្អែកលើលក្ខខណ្ឌបច្ចុប្បន្ននៃកូវីដ-១៩ ។” ប្រធានសហព័ន្ធដដែលរូបនេះបានបន្ថែម។

គួររំឭកថា កាលពិខែមិថុនា សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានកំណត់យកខែតុលា ឆ្នាំ២០២០ ជាការចាប់ផ្តើមឡើងវិញនៃលីគឥណ្ឌូនេស៊ី ទាំងលីគកំពូល, លីគ២ និងលីគទី៣ បន្ទាប់ពីបានផ្អាកចាប់តាំងពីខែមីនា ឆ្នាំនេះដោយសារជំងឺរាតត្បាតកូវីដ-១៩ ខណៈទើបតែប្រកួតបាន ៣សប្ដាហ៍ ក្នុងចំណោមលីគដែលមានរហូតដល់ ៣៦សប្ដាហ៍មួយនេះ៕

 

ប្រភព៖ pssi.org

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់