ក្លិប Buriram តំឡើងបន្ទះថាមពលពន្លឺព្រះអាទិត្យ នៅលើ និងតំបន់ជុំវិញកីឡដ្ឋានរបស់ខ្លួន ដើម្បីចូលរួមការពារបរិស្ថានស្អាត

មាស សុផាណារ៉ុង September 22, 2020


 

ថៃ៖ ក្លិបបាល់ទាត់នៃលីគកំពូលថៃ Buriram United បានសហការជាមួយក្រុមហ៊ុនផលិតថាមពលមួយក្នុងប្រទេសថៃ ដើម្បីតំឡើងបន្ទះថាមពលពន្លឺព្រះអាទិត្យ នៅកីឡដ្ឋាន និងតំបន់ជុំវិញកីឡដ្ឋានរបស់ខ្លួន ក្នុងន័យចូលរួមការពារបរិស្ថាន។ នេះបើតាមការបញ្ជាក់ដោយក្លិបផ្ទាល់កាលពីពេលថ្មីៗនេះ។

គំនិតផ្តួចផ្តើមនេះដែលនឹងដំណើរការរយៈពេល ១៥ឆ្នាំ ត្រូវបានគេហៅថា “BURIRAM GO GREEN & CLEAN” នឹងជួយឲ្យក្លិបសន្សំបាន ២៥ភាគរយនៃការចំណាយអគ្គិសនីបច្ចុប្បន្ននិងបង្កើតនិរន្តរភាពបរិស្ថានសម្រាប់សហគមន៍របស់ខ្លួន ហើយក្លិបបានព្យាករថាវានឹងជួយសន្សំប្រាក់បានជាង ៣៧លានបាត (ប្រហាក់ប្រហែល ១,១៨០,៦០០ដុល្លារអាមេរិក) ក្នុងរយៈពេល ១៥ឆ្នាំថែមទៀតផង នៅលើទីតាំងសំខាន់ៗចំនួន ៣ រួមមាន កីឡដ្ឋាន Chang Arena ៩០០,៩៩១បាត (ប្រហាក់ប្រហែល ២៨,៧៤៨ដុល្លារអាមេរិក), ប្រាសាទ Buriram ៨១៤,២២៩បាត (ប្រហាក់ប្រហែល ២៥,៩៨០ដុល្លារអាមេរិក) និងសណ្ឋាគារ Amari Buriram Hotel ៨១៤,២២៩ (ប្រហាក់ប្រហែល ២៥,៩៨០ដុល្លារអាមេរិក) ដូចគ្នា។

វានឹងធ្វើឲ្យ Buriram United ក្លាយជាក្លិបបាល់ទាត់ដំបូងគេនៅប្រទេសថៃ ដែលប្រើប្រាស់ថាមពលសុទ្ធពីព្រះអាទិត្យ ដើម្បីជួយសង្រ្គោះពិភពលោក និងនិរន្តរភាពបរិស្ថាន។

សម្រាប់ក្រុមហ៊ុន Pure Energy Public Company Limited គឺជាក្រុមហ៊ុនមួយដែលយកចិត្តទុកដាក់អំពីការការពារបរិស្ថាន។ រួមទាំងការថែរក្សាសុខុមាលភាពសហគមន៍ និងសង្គមដើម្បីដោះស្រាយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅក្នុងសហគមន៍ និងសង្គម ក្រោមគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិស្ថាន៕

 

ប្រភពព័ត៌មាន៖ Goal Thailand

មតិយោបល់