លីគកំពូលព្រុយណេ ឆ្នាំ២០២០ ត្រូវបានសហព័ន្ធសម្រេចលុបចោលដោយសារ ជំងឺកូវីដ-១៩

មាស សុផាណារ៉ុង September 22, 2020


 

ព្រុយណេ៖ សហព័ន្ធកីឡាបាល់ទាត់ព្រុយណេ (NFABD) បានសម្រេចលុបចោល ពានរង្វាន់លីគកំពូល – Brunei Super League 2020 (BSL) ដោយសារជំងឺរាតត្បាតកូវីដ-១៩។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Borneo Bulletin កាលពីថ្ងៃអាទិត្យ ក្លិបដែលចូលរួមលីគ បានបញ្ចប់ការប្រកួតតែ ២លើកប៉ុណ្ណោះក្នុងកម្មវិធីប្រចាំឆ្នាំ២០២០ ដែលនៅសល់ ២២៤ប្រកួតទៀត មិនទាន់បានប្រកួតនៅឡើយទេ ហើយលីគដំបូងឡើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំនេះ។

ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំប្រទេសព្រុយណេក៏បានប្រកាសលុបចោលការប្រកួត ពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ និង ១៩ឆ្នាំ ផងដែរព្រោះថាកីឡាករត្រូវការសម្របខ្លួនឡើងវិញជាមួយនឹងការសិក្សារបស់ពួកគេ បន្ទាប់ពីការបិទសាលារយៈពេល ៨៦ថ្ងៃដោយសារកូវីដ-១៩។

NFABD មានគោលបំណងដើម្បីយកការជំនួសលីគ មកជាការប្រកួតបែប «ខាប់» ដោយមានទ្រង់ទ្រាយ និងរចនាសម្ព័ន្ធបន្ថែមទៀតដែលកំពុងស្ថិតក្នុងការពិចារណា។ នេះគឺជាការប្រកួតដើម្បីស្វែងរកក្លិបដែលនឹងតំណាងឱ្យប្រទេស ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFC Cup ឆ្នាំ២០២១។

របាយការណ៍បាននិយាយថា ការសម្រេចចិត្តដែលធ្វើឡើងតាមរយៈកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃការប្រកួតប្រជែង NFABD បានពិចារណាលើលក្ខខណ្ឌអាកាសធាតុផងដែរ។ ប្រទេសនេះកំពុងស្ថិតក្នុងស្ថានភាពអាកាសធាតុមិនច្បាស់លាស់ ដែលអាចបណ្តាលឱ្យទីលានមិនមានសុវត្ថិភាព។

NFABD ក៏បានជូនដំណឹងផងដែរថា ការកោះហៅកីឡាករចូលក្រុមជម្រើសជាតិ តាមប្រតិទិនរបស់ FIFA នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ៥-១៣ ខែតុលា៕

 

ប្រភពព័ត៌មាន៖ Borneo Bulletin

មតិយោបល់