វៀតណាម បញ្ចប់ព្រឹត្តិការណ៍ ‘ខាប់’ ដ៏ជោគជ័យក្រោយបើកដំណើរការបាល់ទាត់ឡើងវិញជាលើកទី៣

មាស សុផាណារ៉ុង September 21, 2020


 

វៀតណាម៖ ព្រឹត្តិការណ៍បាល់ទាត់ក្នុងប្រទេសវៀតណាម បានបន្តការប្រកួតឡើងវិញ ក្រោយបានផ្អាក ២ដងរួចមកហើយ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និងថែមទាំងបានបញ្ចប់ព្រឹត្តិការណ៍ ‘ខាប់’ ដ៏ជោគជ័យក្រោយបើកដំណើរការបាល់ទាត់ឡើងវិញជាលើកទី៣។

ការប្រកួតបាល់ទាត់កម្រិតទី២ (ខាប់) ប្រចាំប្រទេស (National Cup) វគ្គ៨ក្រុមចុងក្រោយ (១/៤) បានបន្តឡើងវិញតាំងពីថ្ងៃទី១១ និង១២ ខែកញ្ញា និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២) នៅថ្ងៃទី១៦ ខែកញ្ញា ប្រើពេលប្រកួតត្រឹមតែ ១សប្ដាហ៍ប៉ុណ្ណោះ និងបានរកឃើញជើងឯកកាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ម្សិលមិញនេះផងដែរ ពោលគឺគ្រងដោយក្រុម Hanoi FC បន្ទាប់ពីបានយកឈ្នះ Viettel FC ដោយលទ្ធផល ១ទល់២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ​។

បន្ទាប់ពីនេះ ក្រុមហ៊ុនលីគបាល់ទាត់អាជីពវៀតណាម (VPF) ដែលគ្រប់គ្រងលើការរៀបចំលីគបាល់ទាត់វៀតណាម បានប្រកាសអំពីកាលវិភាគថ្មីសម្រាប់ការប្រកួតដែលនៅសល់ នៃរដូវកាល ២០២០ ដោយការប្រកួតលីគកំពូល (លីគទី១) នឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកញ្ញា បន្ទាប់ពីសម្រាករយៈពេល ២ខែ ក្រោយកើតមានការរីករាលដាលនៃជំងឺរាតត្បាតនេះឡើងវិញ ស្របពេលដែលលីគលំដាប់ទី២ (V. League 2) នឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែកញ្ញា។

ជើងទី១ នៃលីគកំពូលវៀតណាម នៅតែនៅសល់ ២ប្រកួតទៀតប៉ុណ្ណោះ ខណៈនៅជើងទី២ ក្រុមកំពូលទាំង៨ និងក្រុមចំនួននៅចំណាត់ថ្នាក់ទាបទាំង៦ ពីជើងទី ១ នឹងធ្វើការប្រកួតប្រជែងជាក្រុមផ្សេងៗគ្នាដើម្បីកំណត់ស្វែងរកក្រុមជើងឯក និងក្រុមដែលត្រូវកាត់ចេញទៅលីគទី២ (ស្រដៀងគ្នាទៅនឹងការអនុវត្តនៅលីគកំពូលកម្ពុជា)។

គួររំលឹកថា បាល់ទាត់ក្នុងប្រទេសវៀតណាម ធ្លាប់ត្រូវបានលើកពេលប្រកួតចំនួន ២លើករួចមកហើយ លើកដំបូងគឺនៅខែមីនា បន្តវិញនៅដើមខែមិថុនា និងលើកទី២ នៅចុងខែកក្កដា បន្តឡើងវិញនៅដើមខែកញ្ញា ថ្មីៗនេះ ក្រោមហេតុផលដូចគ្នា ដោយសារវិបត្តិកូវីដ-១៩៕

 

ប្រភព៖ vnexpress.net

មតិយោបល់