ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី សង្ឃឹមកីឡាករខ្លួននឹងនៅតែមានភាពក្លៀវក្លា ទោះពាន U-19 ត្រូវលើកទៅឆ្នាំក្រោយ

មាស សុផាណារ៉ុង September 11, 2020


 

ឥណ្ឌូនេស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានពន្យារពេលជាផ្លូវការនូវពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship) ដែលគ្រោងនឹងធ្វើនៅខែតុលា ឆ្នាំ២០២០ ទៅលេងនៅដើមឆ្នាំ២០២១។ ការពន្យារពេលត្រូវបានប្រកាសដោយ AFC បន្ទាប់ពីមានការប្រជុំជាក់ស្តែងនៃគណៈកម្មាធិការប្រតិបត្តិ កាលពីថ្ងៃព្រហស្បតិ៍។

ឆ្លើយតបនឹងបញ្ហានេះប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) លោក Mochamad Iriawan បានមានប្រសាសន៍ថាគោរពការសម្រេចចិត្តរបស់ AFC ជាពិសេសនៅពេលនេះរោគរាតត្បាត កូវីដ-១៩ មិនទាន់បានបញ្ចប់នៅស្ទើរតែគ្រប់ប្រទេសនៅឡើយ។

“ PSSI គាំទ្រសេចក្តីសំរេចរបស់ AFC ទាក់ទងនឹងការពន្យាពេលពានរង្វាន់ AFC U-19 និង U-16 នៅឆ្នាំនេះ។ ជាមួយគ្នានេះ ជាការពិតក្រុមគ្រូបង្វឹកនឹងផ្លាស់ប្តូរកម្មវិធីហ្វឹកហាត់។ យើងសង្ឃឹមថាកីឡាករនឹងនៅតែមានភាពក្លៀវក្លាហើយបន្តហ្វឹកហាត់ដើម្បីផ្តល់អ្វីដែលល្អបំផុតសម្រាប់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី។ ”

លោក Iriawan បានបន្ថែមទៀតថា បានត្រៀមក្រុមជម្រើសជាតិ U-19 ដើម្បីបន្តការបោះជំរុំហ្វឹកហាត់ (TC) ភ្លាមៗបន្ទាប់ពីបញ្ចប់នៅប្រទេសក្រូអាត។

“ ជាមួយនឹងការពន្យាពេលនៃការប្រកួត AFC U-19 ក្រុមជម្រើសជាតិ U-19 ដែលបច្ចុប្បន្នស្ថិតនៅប្រទេសក្រូអាស៊ី នឹងបន្តជំរុំហ្វឹកហាត់នៅប្រទេសតួកគី នាខែតុលា។ លើសពីនេះទៀតយើងនឹងបន្តនៅអេស្ប៉ាញ ឬព័រទុយហ្កាល់។ បច្ចុប្បន្នយើងបានទទួលការយល់ព្រមពីសហព័ន្ធកីឡាបាល់ទាត់ទួរគី ដើម្បីបន្តជំរុំហ្វឹកហាត់នៅទីនោះ។ ” បុរសដែលត្រូវបានគេដាក់ឈ្មោះក្រៅថា Iwan Bule បានបន្ថែម។

នៅក្នុងការចេញផ្សាយរបស់ AFC ពួកគេបានដឹងថាការរាតត្បាតជំងឺកូវីដ-១៩ នឹងប៉ះពាល់ដល់សមត្ថភាពក្នុងការរៀបចំការប្រកួតទាំងនេះ៕

 

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី

មតិយោបល់