U-19 ឥណ្ឌូនេស៊ី បរាជ័យ ២ប្រកួតជាប់ៗគ្នានៅក្រូអាត ប៉ុន្តែគ្រូបង្វឹកថាកូនក្រុមរបស់លោកមានចំណុចរីកចម្រើន

មាស សុផាណារ៉ុង September 9, 2020


 

ក្រូអាស៊ី៖ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម១៩ឆ្នាំ បច្ចុប្បន្នត្រូវបានដឹងថាកំពុងបោះជំរំហ្វឹកហាត់នៅប្រទេសក្រូអាស៊ី (ក្រូអាត) ដើម្បីត្រៀមសម្រាប់ការប្រកួតពានរង្វាន់យុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship) នៅប្រទេសអ៊ូសបេគីស្ថាន នាពេលដ៏ខ្លីខាងមុខនេះ (ប្រសិនបើគ្មានការកែប្រែកម្មវិធីប្រកួត)។

មិនត្រឹមតែហ្វឹកហាត់ប៉ុណ្ណោះទេ U-19 ឥណ្ឌូនេស៊ី ក៏បានចូលរួមប្រកួតពានមិត្តភាពកម្ដៅសាច់ដុំមួយផងដែរ ដោយបានប្រកួត ២លើករួចមកហើយជាមួយ U-19 ប៊ុលហ្គារី និងម្ចាស់ផ្ទះ U-19 ក្រូអាស៊ី ហើយលទ្ធផលទាំងពីរលើក គឺរងបរាជ័យទាំងពីរលើក ពោលគឺចាញ់ U-19 ប៊ុលហ្គារី ៣ទល់០ និងម្សិលមិញនេះចាញ់ U-19 ក្រូអាស៊ី ៧ទល់១។

បើទោះបីជាចាញ់ ២ប្រកួតជាប់ៗគ្នា ប៉ុន្តែគ្រូបង្វឹក លោក Shin Tae-yong បានមើលឃើញថាកូនក្រុមលេងបានល្អជាងមុន ប៉ុន្តែក៏នៅមានចំណុចខ្វះខាតផងដែរ។

«មានចំណុចខ្លះនៅក្នុងការប្រកួតដែលកីឡាករលេងបានល្អ បើប្រៀបធៀបទៅនឹងការប្រកួតមុន (ប៊ុលហ្គារី) ។ ប៉ុន្តែប្រាកដណាស់ លទ្ធផលនេះគឺជាការខកចិត្តព្រោះយើងចាញ់យ៉ាងធ្ងន់ធ្ងរ។» សម្ដីរបស់ លោក Shin Tae-yong។

គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះបានបន្ថែមថា ចិត្តគំនិតរបស់កូនក្រុមរបស់លោកនៅតែត្រូវកែតម្រូវ។ នេះគឺបន្ទាប់ពីមើលឃើញពីឱកាស ឬសន្ទុះជាច្រើនដែលកីឡាករមិនបានប្រតិបត្តិត្រឹមត្រូវ។

លោកបានបន្ថែមថា៖ «យើងត្រូវតែដោះស្រាយនូវចំណុចខ្វះខាតដែលមានស្រាប់ជាបន្ទាន់។ អ្វីដែលច្បាស់គឺថាក្រុមការងារកំពុងដំណើរការពីព្រោះការហ្វឹកហាត់នៅទីនេះមានកម្រិតខ្ពស់។»

បន្ទាប់ពីការប្រកួតនេះ U-19 ឥណ្ឌូនេស៊ី នឹងត្រូវជួប U-19 អារ៉ាប៊ីសាអូឌីត មួយប្រកួតទៀតនៅថ្ងៃទី១១ កញ្ញា ខាងមុខ ដែលជាប្រកួតចុងក្រោយក្នុងពានរង្វាន់មិត្តភាពក្រៅផ្លូវការ ហើយបន្ទាប់ពីនេះ គេនឹងបន្តប្រកួតកម្ដៅសាច់ដុំជាមួយ U-19 កាតា, បូស្នៀរ និងជាមួយ U-19 ក្លិប Dinamo Zagreb នៅក្នុងប្រទេសក្រូអាតដដែល ដោយគម្រោងនៅទីនោះដល់ចុងខែកញ្ញា។

សូមបញ្ជាក់ថា តាមគម្រោងប្រសិនបើមិនមានការលើក ការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) ឆ្នាំ២០២០ នឹងធ្វើនៅប្រទេសអ៊ូសបេគីស្ថាន គឺគ្រោងចាប់ផ្ដើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ដោយមានប្រទេសចំនួន ១៦ចូលរួម ចែកចេញជា ៤ពូល និង ១ពូល មាន ៤ក្រុម។ សម្រាប់ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម ១៩ឆ្នាំ ដែលត្រូវចូលរួមប្រកួតផងដែរនោះ គឺស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុម U-19 កម្ពុជា និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់៕

 

ប្រភពព័ត៌មាន៖ pssi.org

មតិយោបល់