ម៉ាឡេស៊ី ដាក់គោលដៅឡើងទៅលេង “អូឡាំពិក ឆ្នាំ២០២៤” នៅបារាំង ដោយចាប់ផ្ដើមជាមួយឈុត U-19 បច្ចុប្បន្ន

មាស សុផាណារ៉ុង September 8, 2020


 

ម៉ាឡេស៊ី៖ ការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ (THE 2024 Paris Olympics) គឺជាគោលដៅចម្បងរបស់សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី new strait times

ស្ថាប័នកីឡាបាល់ទាត់ជាតិមួយនេះទំនងជានឹងប្រើប្រាស់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅវៀតណាម ឆ្នាំក្រោយដើម្បីលាតត្រដាងសមត្ថភាពក្រុមអាយុក្រោម ១៩ឆ្នាំ ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Brad Maloney ទល់នឹងក្រុមអាយុក្រោម ២២ឆ្នាំផ្សេងៗទៀតក្នុងតំបន់។ ទោះយ៉ាងណាវានៅតែជាគម្រោងដដែល ព្រោះមិនទាន់មានការសម្រេចចិត្តជាក់លាក់ណាមួយនៅឡើយទេ។

អនុប្រធានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) លោក Datuk S. Sivasundaram បាននិយាយថា៖ “យើងបានជួបក្រុមប្រឹក្សាអូឡាំពិកម៉ាឡេស៊ី (OCM) នៅថ្ងៃនេះ (តាំងពីថ្ងៃទី០៤ កញ្ញា) ហើយការប្រជុំនេះភាគច្រើននិយាយពីស៊ីហ្គេម។ យើងបាននិយាយអំពីលទ្ធភាពនៃការបញ្ជូន ក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់យើង សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ប៉ុន្តែមិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេ។ នឹងមានការប្រជុំគណៈកម្មាធិការគ្រប់គ្រងក្រុមជម្រើសជាតិ ក្នុងពេលឆាប់ៗនេះដើម្បីពិភាក្សាអំពីវា។ ទោះយ៉ាងណាយើងកំពុងទន្ទឹងរង់ចាំ និងពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះក្រុមអាយុក្រោម ១៩ឆ្នាំរបស់យើង សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលជាគោលដៅសំខាន់ គឺការប្រកួតជម្រុះអូឡាំពិក ឆ្នាំ២០២៤ ប៉ុន្តែជាថ្មីម្តងទៀតមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅដំណាក់កាលនេះនៅឡើយនោះទេ។”

ម៉ាឡេស៊ី បានទទួលនូវការខកចិត្តយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម កាលពីឆ្នាំមុននៅពេលដែលពួកគេបានធ្លាក់ចេញពីវគ្គចែកពូលបន្ទាប់ពីចាញ់ក្រុមកម្ពុជា និងហ្វីលីពីន។

ដោយឡែក ឈុតអាយុក្រោម ១៩ឆ្នាំម៉ាឡេស៊ី បច្ចុប្បន្ននេះ ត្រូវបានគេចាត់ទុកថាជាឈុតដែលកំពុងមានទម្រង់លេងឡើងជើងខ្លាំង ជាពិសេសទាំងពានក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពានប្រចាំទ្វីបអាស៊ី អ្វីដែលជាការកត់សម្គាល់កាលពីឆ្នាំ២០១៩ កន្លងទៅ ក្រុមនេះជួប U-19 កម្ពុជា ចំនួន ២ដង គឺយកឈ្នះទាំង ២ដង ក្នុងពានយុវជនអាស៊ានអាយុក្រោម ១៩ឆ្នាំ ឈ្នះ ៣ទល់០ និងក្នុងវគ្គជម្រុះពានយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ ឈ្នះ ៤ទល់៥ ផងដែរ។

ឈុតដដែលនេះ ក៏អាចនឹងជួប U-19 កម្ពុជា បច្ចុប្បន្ន ម្ដងទៀតផងដែរនៅឆ្នាំណាមួយ (បន្តកើនវ័យតាមឆ្នាំ ពី១៩ដល់២៣) ក្នុងការប្រកួតប្រចាំតំបន់ អំឡុងពីឆ្នាំ២០២១ ដល់២០២៣ ជាពិសេសនៅឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ ហើយកម្ពុជា រំពឹងឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍នេះ៕

 

ប្រភពព័ត៌មាន៖ new strait times

មតិយោបល់