VPF អនុញ្ញាតឲ្យអ្នករៀបចំការប្រកួតសម្រេចចិត្តលើការអនុញ្ញាតឲ្យអ្នកទស្សនាចូលមើលការប្រកួត ពេលលីគត្រលប់មកវិញ

មាស សុផាណារ៉ុង September 4, 2020


 

វៀតណាម៖ លីគបាល់ទាត់ក្នុងប្រទេសវៀតណាម ទាំងលីគកំពូល និងលីគទី២ បានកំណត់កាលបរិច្ឆេទបន្តការប្រកួតឡើងវិញ ក្រោយបានផ្អាក ២ដងរួចមកហើយ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ យ៉ាងណាមិញនៅពេលបាល់ទាត់ក្នុងស្រុកចាប់ផ្តើមឡើងវិញនៅខែកញ្ញា កីឡាករទាំងអស់នឹងត្រូវធ្វើតេស្តរកកូវីដ-១៩ ផងដែរ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនលីគបាល់ទាត់អាជីពវៀតណាម (VPF) ដែលគ្រប់គ្រងលើការរៀបចំលីគបាល់ទាត់វៀតណាម បានប្រកាសអំពីកាលវិភាគថ្មីសម្រាប់ការប្រកួតដែលនៅសល់ នៃរដូវកាល ២០២០ ដោយការប្រកួតលីគកំពូល (លីកទី១) នឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកញ្ញា បន្ទាប់ពីសម្រាករយៈពេល ២ខែ ក្រោយកើតមានការរីករាលដាលនៃជំងឺរាតត្បាតនេះឡើងវិញ។

ជើងទី១ នៃលីគកំពូលវៀតណាម នៅតែនៅសល់ ២ប្រកួតទៀតប៉ុណ្ណោះ ខណៈនៅជើងទី២ ក្រុមកំពូលទាំង៨ និងក្រុមចំនួននៅចំណាត់ថ្នាក់ទាបទាំង៦ ពីជើងទី ១ នឹងធ្វើការប្រកួតប្រជែងជាក្រុមផ្សេងៗគ្នាដើម្បីកំណត់ស្វែងរកក្រុមជើងឯក និងក្រុមដែលត្រូវកាត់ចេញទៅលីគទី២ (ស្រដៀងគ្នាទៅនឹងការអនុវត្តនៅលីគកំពូលកម្ពុជា)។

ដោយឡែកការប្រកួតបាល់ទាត់កម្រិតទី២ (ខាប់) ប្រចាំប្រទេស (National Cup) វគ្គ៨ក្រុមចុងក្រោយ ១/៤ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ និង១២ ខែកញ្ញា ស្របពេលដែលលីគលំដាប់ទី២ (V. League 2) នឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែកញ្ញា។

VPF នឹងអនុញ្ញាតឲ្យគណៈកម្មការរៀបចំការប្រកួត សម្រេចចិត្តថាតើអនុញ្ញាតឲ្យអ្នកទស្សនាចូលមើលការប្រកួត ទោះយ៉ាងណាក៏ដោយវាតម្រូវឲ្យកីឡាករទាំងអស់ត្រូវធ្វើតេស្តរកកូវីដ-១៩ ហើយលទ្ធផលត្រូវបញ្ជូនទៅអ្នករៀបចំ ៣ថ្ងៃមុនការប្រកួត។ គេបាននិយាយថា វានឹងត្រូវការយ៉ាងហោចណាស់ ៦០ថ្ងៃដើម្បីបញ្ចប់ការប្រកួតដែលនៅសល់ទាំងអស់នៅរដូវកាលនេះ។

សូមបញ្ជាក់ថា ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងសហគមន៍ ចំនួន ៦៩០ករណីចាប់តាំងពីការផ្ទុះឡើងនៃ Covid-១៩ ដោយត្រូវបានកត់ត្រាចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា ត្រឹមតែចំនួន ៥៥០ ករណី និងមានស្លាប់ ប៉ុន្តែតួលេខបច្ចុប្បន្នសរុបមាន ចំនួន ១,០៤៦ករណី ក្នុងនោះមានមនុស្សស្លាប់ចំនួន ៣៥នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ២៥៦នាក់៕

 

ប្រភព៖ vnexpress.net

មតិយោបល់