គ្រូ ​U-19 ឥណ្ឌូនេស៊ី បង្ហាញបច្ចុប្បន្នភាពកូនក្រុមរបស់ខ្លួនកំពុងស្ថិតក្នុងភាពល្អប្រសើរនៅប្រទេសក្រូអាត

មាស សុផាណារ៉ុង September 2, 2020


 

ក្រូអាស៊ី៖ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម១៩ឆ្នាំ បច្ចុប្បន្នត្រូវបានដឹងថាកំពុងបោះជំរំហ្វឹកហាត់នៅប្រទេសក្រូអាស៊ី (ក្រូអាត) ដើម្បីត្រៀមសម្រាប់ការប្រកួតពានរង្វាន់យុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship) នៅប្រទេសអ៊ូសបេគីស្ថាន នាពេលដ៏ខ្លីខាងមុខនេះ។

ក្រុមនេះបានបន្តទទួលការហ្វឹកហាត់ក្រោមការដឹកនាំពីគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក Shin Tae-yong ហើយក្នុងមួយថ្ងៃក្រុមរហស្សនាម គ្រុឌឥណ្ឌូនេស៊ី មួយនេះទទួលការហ្វឹកហាត់ចំនួន ៣លើកផ្សេងៗពីគ្នាពីក្រុមគ្រូបង្វឹក។

ការហ្វឹកហាត់ពេលព្រឹកចាប់ផ្តើមនៅម៉ោង ១០:៣០ ហើយបន្ទាប់មកការហ្វឹកហាត់ពេលរសៀលនៅម៉ោង ១៦:០០ និងល្ងាចនៅម៉ោង ២១:០០យប់ ខណៈសំភារៈហ្វឹកហាត់ផ្សេងៗគ្នាត្រូវបានក្រុមគ្រូបង្វឹកប្រគល់អោយក្រុមជម្រើសជាតិ U-19 ដូចជា សម្ភារៈពាក់ព័ន្ធនឹងបច្ចេកទេសកាយសម្បទា ការកែលម្អផ្លូវចិត្ត និងបញ្ហាផ្សេងៗទៀត។

«បច្ចុប្បន្នការអភិវឌ្ឍន៍ក្រុមកាន់តែមានភាពវិជ្ជមានជារៀងរាល់ថ្ងៃ។ ដំណើរការសម្របខ្លួនរបស់កីឡាករ ដំណើរការទៅបានយ៉ាងល្អ ហើយកីឡាករតែងតែខិតខំប្រឹងប្រែង និងក្លៀវក្លា។ យើងកំពុងបង្កើនអាំងតង់ស៊ីតេនៃការហ្វឹកហាត់ដែលចាប់ផ្តើមនៅថ្ងៃនេះ និងផ្តល់សម្ភារៈទាក់ទងនឹងយុទ្ធសាស្ត្រ និងវិធីផ្សេងទៀត។ ចំពោះសីតុណ្ហភាពនៅប្រទេសក្រូអាស៊ី បច្ចុប្បន្នជាមធ្យមមានចាប់ពី ២៥-២៦អង្សាសេ ប៉ុន្តែចាប់ពីពេលរសៀលដល់ពេលយប់វាប្រែជា ១៦-១៧ អង្សារ។ លើសពីនេះទៀតវាច្រើនតែមានភ្លៀងរៀងរាល់រសៀល។» លោក Shin Tae-yong បាននិយាយ។

គ្រូបង្វឹកនៅកូរ៉េខាងត្បូងរូបនេះបានបន្ថែមទៀតថា៖ «អាហារ និងគ្រឿងបរិក្ខារនៅទីនេះមិនមានបញ្ហាសម្រាប់យើងទេ។ អំពីទីលានយើងធ្វើការហ្វឹកហាត់លើទីលានជាច្រើន ដូច្នេះវាមិនមែនកន្លែងហ្វឹកហាត់តែមួយកន្លែងនោះទេ។»

ជាមួយគ្នាផងដែរក៏មានការបញ្ជាក់ឲ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ផងដែរថា បានរៀបចំផែនការបម្រុងទុកសម្រាប់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម១៩ឆ្នាំ ប្រសិនបើការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship) ដែលគ្រោងធ្វើនៅខែតុលា ខាងមុខនេះត្រូវពន្យារពេល ដោយនឹងបន្តកម្មវិធីបោះជំរំហ្វឹកហាត់ នៅអឺរ៉ុប។

សូមបញ្ជាក់ថា តាមគម្រោងការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) ឆ្នាំ២០២០ នឹងធ្វើនៅប្រទេសអ៊ូសបេគីស្ថាន គឺគ្រោងធ្វើពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ដោយមានប្រទេសចំនួន ១៦ចូលរួម ចែកចេញជា ៤ពូល និង ១ពូល មាន ៤ក្រុម។ សម្រាប់ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម ១៩ឆ្នាំ នេះគឺស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុម U-19 កម្ពុជា និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់៕

 

ប្រភពព័ត៌មាន៖ pssi.org

មតិយោបល់