U-19 ឥណ្ឌូនេស៊ី រៀបផែនការបម្រុងទុកពីក្រោយ ដោយនឹងបន្តហ្វឹកហាត់នៅអ៊ឺរ៉ុប ប្រសិនបើពាន AFC U-19 លើកពេល

មាស សុផាណារ៉ុង August 29, 2020


 

ឥណ្ឌូនេស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានរៀបចំផែនការបម្រុងទុកសម្រាប់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម១៩ឆ្នាំ ប្រសិនបើការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship) ត្រូវបានពន្យារពេល ដោយនឹងបន្តកម្មវិធីបោះជំរំហ្វឹកហាត់ នៅអឺរ៉ុប។

ការលេចចេញនូវលទ្ធភាពនេះបន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អ៊ូសបេគីស្ថាន (UFA) បានទទួលលិខិតពី AFC ដែលកំពុងពិចារណាលើការប្រកួតទាំងអស់ប្រចាំទ្វីបអាស៊ី ចាប់ពីការប្រកួតបាល់ទាត់អាស៊ីអាយុ ១៦ឆ្នាំ និងអាយុក្រោម ១៩ឆ្នាំ រហូតដល់ពានក្លិបបាល់ទាត់ក្នុងសាល ត្រូវបានកំណត់ពេលវេលាប្រកួតឡើងវិញ មូលហេតុគឺដោយសារតែការឆ្លងរាលដាលនៃវីរុសកូរ៉ូណាមិនទាន់បានបញ្ចប់។

ទាក់ទងទៅនឹងលិខិតដែលបានផ្ញើ គណៈកម្មាធិការប្រតិបត្តិរបស់ AFC នឹងធ្វើការសម្រេចចិត្តលើបញ្ហានេះ។ កាលវិភាគសម្រាប់ការប្រកួតពានទាំង៣ នៅអាស៊ី នឹងត្រូវប្រកាសក្នុងពេលដ៏ខ្លីខាងមុខនេះ។

នៅចំពោះមុខភាពមិនច្បាស់លាស់នេះ ក្រុម U-19 ឥណ្ឌូនេស៊ី  នឹងបន្តហោះហើរទៅកាន់ប្រទេសក្រូអាស៊ី (ក្រូអាត) ដដែលដើម្បីបន្តជំរំហ្វឹកហាត់ នៅថ្ងៃ២៩ ខែសីហា នេះ ជាមួយសមាសភាពកីឡាករសរុបចំនួន ៣០នាក់។

ខណៈនៅប្រទេសក្រូអាស៊ី ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម១៩ឆ្នាំ នឹងមិនត្រឹមតែហ្វឹកហាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងចូលរួមប្រកួតពានមិត្តភាពកម្ដៅសាច់ដុំមួយផងដែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែកញ្ញា។ ប្រទេសដែលចូលរួមក្នុងព្រឹត្តិការណ៍នេះគឺ ប៊ុលហ្គារី, អារ៉ាប៊ីសាអូឌីត និងម្ចាស់ផ្ទះ ក្រូអាស៊ី។

ប្រធាន PSSI លោក Mochamad Iriawan បាននិយាយថា៖ “ផែនការដំបូង គឺពេលចេញពីប្រទេសក្រូអាត នឹងបន្តទៅអ៊ូសបេគីស្ថាន ដោយផ្ទាល់តែម្ដង ប៉ុន្តែក្រោយមកជំរំហ្វឹកហាត់ នឹងបន្តនិងផ្លាស់ទៅប្រទេសតួកគី អេស្បាញ ឬព័រទុយហ្កាល់ [ប្រសិនបើព្រឹត្តិការណ៍ U-19 Asian Cup ត្រូវបានលុបចោល]។”

“យើងកំពុងសម្របសម្រួលជាមួយសហព័ន្ធទួរគី អេស្បាញ និងព័រទុយហ្កាល់។ រហូតមកដល់ពេលនេះមានតែសហព័ន្ធតួកគីប៉ុណ្ណោះដែលបានឆ្លើយតប។ សម្រាប់ លោក Shin Tae-yong គាត់សង្ឃឹមថាយើងនឹងទៅព័រទុយហ្កាល់។” ប្រធានសហព័ន្ធដដែលបានបន្ត។

សូមបញ្ជាក់ថា តាមគម្រោងការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) ឆ្នាំ២០២០ នឹងធ្វើនៅប្រទេសអ៊ូសបេគីស្ថាន គឺគ្រោងធ្វើពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ដោយមានប្រទេសចំនួន ១៦ចូលរួម ចែកចេញជា ៤ពូល និង ១ពូល មាន ៤ក្រុម។ សម្រាប់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ដែលត្រូវចូលរួមប្រកួតផងដែរនោះ គឺស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុម U-19 ឥណ្ឌូនេស៊ី និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់៕

 

ប្រភពព័ត៌មាន៖ goal.com

មតិយោបល់