ម៉ាឡេស៊ី ឈានជើងចូលជាប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន បន្តការប្រកួតបាល់ទាត់អំឡុងវិបត្តិកូវីដ-១៩

មាស សុផាណារ៉ុង August 28, 2020


 

អាស៊ីអាគ្នេយ៍៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នេះ ម៉ាឡេស៊ី បានក្លាយជាប្រទេសទី៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងដំណើរការការប្រកួតពានរង្វាន់បាល់ទាត់ប្រចាំប្រទេសរបស់ខ្លួន ចាប់តាំងពីជំងឺកូវីដ-១៩ កំពុងរាតត្បាតជុំវិញសាកល។

បាល់ទាត់ក្នុងប្រទេសម៉ាឡេស៊ី ត្រលប់មកវិញគឺទាំងលីគកំពូល និងលីគលំដាប់ទី២ ប៉ុន្តែពុំអនុញ្ញាតឲ្យទស្សនិកជនចូលរួមទស្សនាផ្ទាល់ឡើយ។

គិតមកទល់ពេលនេះ គឺមាន លីគកំពូលកម្ពុជា, លីគកំពូលឡាវ និងលីគកំពូលមីយ៉ាន់ម៉ា ប៉ុណ្ណោះដែលបាននឹងកំពុងដំណើរការការប្រកួតជាធម្មតា ស្របពេលដែលទីម័រខាងកើត បានបន្តការប្រកួតពានរង្វាន់ខាប់ លីគនៅមិនទាន់ដំណើរការនៅឡើយ។ ដោយឡែកលីគកំពូលកម្ពុជា ជាមួយនឹងលីគកំពូលមីយ៉ាន់ម៉ា ពុំអនុញ្ញាតឲ្យមានទស្សនិកជនចូលទស្សនាឡើយ ខណៈលីគកំពូលឡាវ និងពានរង្វាន់ខាប់របស់ទីម័រខាងកើត បើកការអនុញ្ញាតឲ្យចូលទស្សនា។

ក្នុងចំណោមប្រទេសទាំង ១១ក្នុងតំបន់មានលីគបាល់ទាត់នៃប្រទេសខ្លះបានដំណើរការប្រកួតបានច្រើនសប្ដាហ៍រួចមកហើយ មុនលើកពេលដូចជា កម្ពុជា, ថៃ, វៀតណាម, មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, សឹង្ហបុរី និងមានខ្លះទៀតពុំទាន់ដំណើរការលីគនៅឡើយដូចជា ឡាវ, ហ្វីលីពីន, ព្រុយណេ និងទីម័រខាងកើត ប៉ុន្តែភាគច្រើនគឺបានផ្អាកទាំងអស់ក្នុងអំឡុងចុងខែមីនា និងដើមខែមេសា ដោយសារហេតុដូចគ្នា ការពារការរីករាលដាលនៃជំងឺកូវីដ-១៩។

ជុំវិញលីគបាល់ទាត់នៃប្រទេសមួយចំនួនទៀតក៏គ្រោងដំណើរការឡើងវិញផងដែរ ដូចជា៖

  • ថៃ៖ គ្រោងដំណើរការឡើងវិញ ក្នុងអំឡុងខែកញ្ញា (ប្រកួតបាន ៤សប្ដាហ៍)
  • វៀតណាម៖ គ្រោងដំណើរការឡើងវិញ ក្នុងអំឡុងខែតុលា (ប្រកួតបាន ១១សប្ដាហ៍)
  • ហ្វីលីពីន៖ គ្រោងដំណើរការឡើងវិញ ក្នុងអំឡុងខែកញ្ញា (ពុំទាន់ចាប់ផ្ដើមនៅឡើយ)
  • ឥណ្ឌូនេស៊ី៖ គ្រោងដំណើរការឡើងវិញ ក្នុងអំឡុងខែតុលា (ប្រកួតបាន ៣សប្ដាហ៍)
  • សិង្ហបុរី៖ ពុំទាន់មានការបញ្ជាក់ច្បាស់ (ប្រកួតបាន ៤សប្ដាហ៍)
  • ព្រុយណេ៖ ពុំទាន់មានការបញ្ជាក់ច្បាស់ (ពុំទាន់ចាប់ផ្ដើមនៅឡើយ)

លីគកំពូលវៀតណាម ដើមឡើយបានចាប់ផ្ដើមមុនគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែក្រោយប្រកួតបានប្រហែល ៥សប្ដាហ៍ លីគបាល់ទាត់វៀតណាមទាំងលីគកំពូល V.League, លីគទី២ National First Division និងពានរង្វាន់លំដាប់ទី២ ប្រចាំប្រទេស National Cup ផងដែរនោះត្រូវបានព្យួរសារជាថ្មី ដោយសារការកើតឡើងនៃរលកទី២ ក្នុងប្រទេសនេះ។

និយាយចំពោះក្របខណ្ឌជម្រើសជាតិវិញ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានប្រកាសថានឹងពន្យាពេលគ្រប់កម្មវិធីទាំងអស់ ទាំងបាល់ទាត់ជម្រើសជាតិឈុតធំ, ឈុតយុវជន, នារី, ហ្វូតសាល និងបាល់ទាត់ឆ្នេរខ្សាច់ ដោយសារការនៅតែបន្តរីករាលដាលនៃជំងឺកូវីដ-១៩៕

 

រូបភាព៖ Malaysian Football League

មតិយោបល់