ថៃ បញ្ចេញថវិកាកម្ចី ៤៣លានបាត ដល់បណ្តាក្លឹបបាល់ទាត់ប្រើប្រាស់ត្រៀមវិលមកប្រកួតលីគជាថ្មី

មាស សុផាណារ៉ុង August 27, 2020


 

ថៃ៖ សមាគមកីឡាបាល់ទាត់ថៃ ឬ FA Thailand ទើបតែបានប្រកាសនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នេះ អំពីមូលនិធិ President’s Fund 2 ដែលនឹងផ្តល់ប្រាក់កម្ចីមិនគិតការប្រាក់ដល់បណ្តាក្លិបបាល់ទាត់ទាំងអស់ដើម្បីយកទៅប្រើប្រាស់ក្នុងការរៀបចំក្លិបរបស់ខ្លួនដែលរងផលប៉ះពាល់ដោយការរាតត្បាតនៃវីរុសកូវីដ-១៩ និងដើម្បីត្រៀមចូលរួមការប្រកួតលីគថៃគ្រប់កម្រិតដែលនឹងវិលត្រលប់មកវិញនាខែកញ្ញាខាងមុខនេះ។

លោកឧត្តមសេនីយ៍ Somyot ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ បានលើកឡើងថា ថវិកាទាំងនេះនឹងអាចជួយបានមួយចំណែកដល់ក្លិបបាល់ទាត់ដែលជាសមាជិកដើម្បីពង្រឹង និងរៀបចំក្រុមត្រៀមការប្រកួតប្រជែងនាខែក្រោយ ខណៈដែលការរាតត្បាតវីរុសកូវីដ-១៩ បានផ្តល់នូវផលវិបាកជាច្រើននាពេលកន្លងមក។ សម្រាប់ការសងត្រលប់មកវិញគឺត្រូវពន្យារដល់ឆ្នាំក្រោយ និងមិនមានគិតការប្រាក់នោះឡើយ ហើយក្លិបដែលត្រូវការថវិកានេះត្រូវបំពេញលក្ខខណ្ឌកំណត់របស់សមាគម និងដាក់ពាក្យសុំចន្លោះពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។

ចំពោះថវិកាដែលនឹងទទួលបានមានកំណត់ដូចខាងក្រោម៖

១. សម្រាប់ក្របខណ្ឌថៃលីគ១ (Thai League 1) ក្លិបនីមួយៗនឹងទទួលបាន ១លានបាត ប្រហែល ៣ម៊ឺនដុល្លារ (សរុប ១៦ក្លិបត្រូវជា ១៦លានបាត – ប្រហែល ៥១ម៊ឺនដុល្លារ)
២. សម្រាប់ក្របខណ្ឌថៃលីគ២ (Thai League 2) ក្លិបនីមួយៗនឹងទទួលបាន ៥០មុឺនបាត ប្រហែល ១៦,០០០ ដុល្លារ (សរុប ១៨ក្រុមត្រូវជា ៩លានបាត –  ប្រហែលជិត ២៩ម៊ឺនដុល្លារ)
៣. សម្រាប់ក្របខណ្ឌថៃលីគ៣ (Thai League 3) ក្លិបនីមួយៗនឹងទទួលបាន ២៥មុឺនបាត ប្រហែល ៨ពាន់ដុល្លារ (សរុប ៧២ក្រុមត្រូវជា ១៨លានបាត – ប្រហែល ៥៧ម៊ឺនដុល្លារ)

សូមបញ្ជាក់ដែរថា សកម្មភាពបាល់ទាត់នៅក្នុងប្រទេសថៃត្រូវបានផ្អាកកាលពីខែមីនាឆ្នាំនេះ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ ហើយលីគក្នុងស្រុកគ្រោងនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី១២ ខែកញ្ញា នឹងបញ្ចប់នៅខែឧសភា ឆ្នាំក្រោយ៕

 

ប្រភពព័ត៌មាន៖ សហព័ន្ធកីឡាបាល់ទាត់ថៃ – FA Thailand

មតិយោបល់