U-19 ឥណ្ឌូនេស៊ី បង្ហាញគូប្រកួតមិត្តភាពរបស់ខ្លួន ដែលត្រូវបោះជំរំហ្វឹកហាត់នៅប្រទេសក្រូអាត

មាស សុផាណារ៉ុង August 24, 2020


 

ឥណ្ឌូនេស៊ី៖ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម ១៩ឆ្នាំ ដែលបានប្រកាសចេញទៅបោះជំរំហ្វឹកហាត់ (TC) នៅប្រទេសក្រូអាស៊ី (ក្រូអាត) នៅចុងខែសីហា បានបង្ហាញសមាសភាពគូប្រកួតមិត្តភាពរបស់ខ្លួន ដែលត្រូវតតាំងនៅទីនោះ។

យោងតាមការចេញផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី U-19 ឥណ្ឌូនេស៊ី ចូលរួមការប្រកួតពានរង្វាន់មួយ ដែលត្រូវបានដឹងថាមានប្រទេសចំនួន ៤ចូលរួម នៅថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែកញ្ញា ខណៈប្រទេសដែលចូលរួមមាន ម្ចាស់ផ្ទះក្រូអាត, ប៊ុលហ្គារី និងអារ៉ាប់បីតសាវឌីត។

U-19 ឥណ្ឌូនេស៊ី នឹងត្រូវជួប ក្រូអាត នៅថ្ងៃទី០២ ខែកញ្ញា បន្ទាប់មក ប៊ុលហ្គារី នៅថ្ងៃទី០៥ ខែកញ្ញា និងចុងក្រោយជួប អារ៉ាប់បីតសាវឌីត នៅថ្ងៃទី០៨ កញ្ញា។

ដូចដែលត្រូវបានគេដឹងហើយ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម ១៩ឆ្នាំ បាននឹងកំពុងឆ្លងកាត់ការហ្វឹកហាត់ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ (AFC U-19 Championship) ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា នៅប្រទេសអ៊ូសបេគីស្ថាន ហើយក្រុមឥណ្ឌូនេស៊ី ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះអ៊ូសបេគីស្ថាន, កម្ពុជា និងអ៊ីរ៉ង់។

ការប្រកួតបើកឆាករបស់ក្រុម U-19 ឥណ្ឌូនេស៊ី នឹងត្រូវប្រកួតជាមួយ កម្ពុជា នៅថ្ងៃទី១៤ ខែតុលា បន្ទាប់មកទៀតត្រូវជួបអ៊ីរ៉ង់ នៅថ្ងៃទី១៧ ខែតុលា និងចុងក្រោយជួបម្ចាស់ផ្ទះអ៊ូសបេគីស្ថាន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០៕

 

រូបភាព និងប្រភព៖ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌនេស៊ី – pssi.org

មតិយោបល់