U-19 ឥណ្ឌូនេស៊ី យកទឹកដីប្រទេសរងជើងឯកពិភពលោក ឆ្នាំ២០១៨ ដើម្បីដាក់ទីតាំងបោះជំរំហ្វឹកហាត់

មាស សុផាណារ៉ុង August 21, 2020


 

ឥណ្ឌូនេស៊ី៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) លោក Mochamad Iriawan បានមានប្រសាសន៍ថាក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម ១៩ឆ្នាំ នឹងបោះជំរុំហ្វឹកហាត់ (TC) នៅប្រទេសក្រូអាស៊ី (ក្រូអាត) ជាមួយនឹងគម្រោងនៅចុងខែសីហា។ នេះបើយោងតាមការចេញផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ផ្ទាល់។

បច្ចុប្បន្នក្រុមរហស្សនាម គ្រុឌក្រហម កំពុងបោះជំរំហ្វឹកហាត់នៅរដ្ឋធានី Jakarta ដែលបានដំណើរការអស់រយៈពេលជាងបីសប្តាហ៍មកហើយ។

«ក្រូអាត គឺជាប្រទេសដែលត្រូវបានជ្រើសរើសសម្រាប់ក្រុមជម្រើសជាតិ U-19 បោះជំរំហ្វឹកហាត់។ នេះក៏ព្រោះតែសហព័ន្ធបាល់ទាត់ក្រូអាត ឆ្លើយតបនឹងលិខិតរបស់ PSSI លឿនបំផុត។ ប្រទេសក្រូអាស៊ីគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដែលអស្ចារ្យនៅក្នុងវិស័យបាល់ទាត់ ដូចដែលពួកគេបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ពួកគេបានជើងឯករង និងស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ នៃតារាងចំណាត់ថ្នាក់ពិភពលោក (FIFA Ranking) បច្ចុប្បន្ន។» លោក Mochamad Iriawan បានលើកឡើង។

លើសពីនេះទៀតយោងតាម លោក Iriawan សហព័ន្ធកីឡាបាល់ទាត់ក្រូអាតក៏បានអញ្ជើញក្រុម U-19 ឥណ្ឌូនេស៊ី ចូលរួមការប្រកួតពានរង្វាន់មួយ ដែលត្រូវបានដឹងថាមានប្រទេសចំនួន ៤ចូលរួម នៅថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែកញ្ញា។

«នៅពេលក្រុមជម្រើសជាតិ U-19 មកដល់ដីប្រទេសក្រូអាស៊ី យើងបានទទួលព័ត៌មានថាពួកគេមិនចាំបាច់ដាក់ឲ្យនៅដាច់ដោយឡែកទេ។ ជាការពិតណាស់វាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ក្រុម U-19។ សីតុណ្ហភាពនៅប្រទេសក្រូអាស៊ី មិនខុសពីអ៊ូសបេគីស្ថានទេ។ ដោយសារតែផែនការសម្រាប់ក្រុមជម្រើសជាតិ U-19 នឹងទៅប្រទេសអ៊ូសបេគីស្ថាន នៅថ្ងៃទី០៤ ខែតុលា នេះ។» ប្រធានសហព័ន្ធដដែលបានបន្ថែម។

ដូចដែលត្រូវបានគេដឹងហើយក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម ១៩ឆ្នាំ បាននឹងកំពុងឆ្លងកាត់ការហ្វឹកហាត់ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ (AFC U-19 Championship) ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា នៅប្រទេសអ៊ូសបេគីស្ថាន ហើយក្រុមឥណ្ឌូនេស៊ី ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះអ៊ូសបេគីស្ថាន កម្ពុជា និងអ៊ីរ៉ង់។

ការប្រកួតបើកឆាករបស់ក្រុម U-19 ឥណ្ឌូនេស៊ី នឹងត្រូវប្រកួតជាមួយ កម្ពុជា នៅថ្ងៃទី១៤ ខែតុលា បន្ទាប់មកទៀតត្រូវជួបអ៊ីរ៉ង់ នៅថ្ងៃទី១៧ ខែតុលា និងចុងក្រោយជួបម្ចាស់ផ្ទះអ៊ូសបេគីស្ថាន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០៕

 

រូបភាព និងប្រភព៖ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌនេស៊ី – pssi.org

មតិយោបល់