U-19 អ៊ូសបេគីស្ថាន ត្រៀមចេញទៅបោះជំរំហ្វឹកហាត់នៅតាជីគីស្ថាន ដែលមានករណីកូវីដ-១៩ តិចជាងប្រទេសខ្លួន

មាស សុផាណារ៉ុង August 21, 2020


 

អ៊ូបេសគីស្ថាន៖ ក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន អាយុក្រោម ១៩ឆ្នាំ កំពុងត្រៀមយ៉ាងសកម្មសម្រាប់ការប្រកួតជើងឯកយុវជនអាស៊ី ដែលនឹងត្រូវធ្វើឡើងនៅខែតុលានៅក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីដាក់គម្រោងចេញទៅបោះជុំរំហ្វឹកហាត់នៅក្រៅប្រទេស ពោលគឺប្រទេសតាជីគីស្ថាន។

យោងតាមការប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់អ៊ូសបេគីស្ថាន តាមរយៈកម្មវិធីហ្វឹកហាត់ ជំរុំហ្វឹកហាត់សម្រាប់ក្រុមជម្រើសជាតិយុវជន ដែលដឹកនាំដោយ លោក Timur Kapadze នឹងត្រូវធ្វើដំណើរទៅប្រទេសតាជីគីស្ថាន ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកញ្ញា។

ក្រុមម្ចាស់ផ្ទះដែលមានមហិច្ឆតាឈ្នះជើងឯកពានរង្វាន់ដដែលនេះ បានហ្វឹកហាត់ ៣ដងរួចមក ដើម្បីត្រៀមរៀបចំខ្លួនឲ្យបានល្អប្រសើរក្នុងនាមជាម្ចាស់ផ្ទះ នៅក្នុងទឹកដីរបស់ខ្លួន ខណៈជំរំហ្វឹកហាត់លើកទី៤ នេះប្រើរយៈពេល ១០ថ្ងៃ នៅក្រៅប្រទេសវិញម្ដង។

គិតចាប់តាំងពីពាក់កណ្ដាលខែមិថុនា មក ការប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នារយៈពេលខ្លីរបស់អ៊ូសបេគីស្ថាន បាន៣លើករួមមាន លើកទី១ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា និងលើកទី២ ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ និងលើកទី៣ ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០២០។

សូមបញ្ជាក់ជាថ្មីថា ការប្រកួតពានរង្វាន់ (2020 AFC U-19 Championship) U-19 កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុម U-19 ឥណ្ឌូនេស៊ី និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់ ហើយការប្រកួតគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបីគីស្ថាន។

និយាយពីស្ថានភាពប្រទេសអ៊ូសបេគីស្ថាន ដែលត្រូវត្រៀមធ្វើជាម្ចាស់ផ្ទះពានរង្វាន់ខាងលើ គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ គឺមានករណីឆ្លងជំងឺកូវីដ-១៩ សរុប ៣៧,៥៤៧ និងមានស្លាប់ ២៥២នាក់ ជាសះស្បើយ ៣៣,២៦១នាក់ និងកំពុងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៤,០៣៤នាក់៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់អ៊ូបេគីស្ថាន – Uzbekistan Football Association

មតិយោបល់