ឥណ្ឌូនេស៊ី បង្ហាញកីឡាករ U-19 លេចធ្លោ ៥នាក់សម្រាប់ការប្រកួត AFC U-19 Championship ក្នុងពូលជាមួយ កម្ពុជា

មាស សុផាណារ៉ុង August 17, 2020


 

ឥណ្ឌូណេស៊ី៖ សារព័ត៌មានឥណ្ឌូនេស៊ី Bola.com កាលពីពេលថ្មីៗនេះ បានធ្វើការបង្ហាញមុខកីឡាករដែលជាសមាជិកជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ ចំនួន ៥រូបដែលគេរំពឹងថានឹងលេចធ្លោ ក្នុងការប្រកួតពានជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship) នៅខែតុលា ខាងមុខនេះ។

ថ្មីៗនេះក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម ១៩ឆ្នាំ បានចាប់ផ្ដើមការហ្វឹកហាត់នៅហ្សាកាតាវិញ ក្រោមការដឹកនាំគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក Shin Tae-yong ដោយបានកោះហៅកីឡាករចំនួន ៤៦នាក់សម្រាប់ជំរំហ្វឹកហាត់ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។

ក្រោយមកក៏មានការជម្រុះ ១១នាក់ចេញ ប៉ុន្តែក៏មានការកោះហៅថែមម្នាក់ទៀត សរុបកីឡាករ ៣៦នាក់ នៅតែទទួលការតាមដានក្នុងជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី U-19 ហើយក្នុងចំណោមកីឡាករទាំង ៣៦រូប សារព័ត៌មាន Bola.com បានកត់សម្គាល់ឈ្មោះកីឡាករចំនួន ៥រូប ដែលមានសក្តានុពលក្លាយជាកីឡាករឆ្នើមនាពេលអនាគត ហើយសារព័ត៌មាន camsports.org សុំធ្វើការជម្រាបជូនសង្ខេបដូចខាងក្រោម៖

  • Elkan Baggot៖

កីឡាកររូបនេះ មានឈាមជ័រ ៣សញ្ជាតិ ថៃ អង់គ្លេស និងឥណ្ឌូនេស៊ី គឺជាខ្សែការពារមកពីក្លិបអង់គ្លេស គឺ Ipswich Town U-18 នាមជាខ្សែការពារ កម្ពស់ដល់ទៅ ១៩៤ សង់ទីម៉ែត្រ បានសំរេចចិត្តចូលរួមជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី។

Baggott គឺមានឪពុកជាជនជាតិអង់គ្លេស និងម្ដាយជាជនជាតិឥណ្ឌូនេស៊ី តែបានកើតនៅទីក្រុងបាងកក ប្រទេសថៃ។

ឪពុករបស់គេមកពីចក្រភពអង់គ្លេស ហើយម្តាយរបស់គេមានដើមកំណើតមកពីប្រទេសឥណ្ឌូនេស៊ី។ កាលពីនៅក្មេងគេបានរស់នៅទីក្រុងហ្សាការតា អស់រយៈពេល ៣ឆ្នាំ និងធ្លាប់បានចូលរួមក្នុងមជ្ឈមណ្ឌលហ្វឹកហាត់ របស់ក្លិប Arsenal ប្រចាំរដ្ឋធានីហ្សាកាតា។ បន្ទាប់មក Baggott ផ្លាស់ទៅអង់គ្លេស ហើយទទួលបានអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍អាជីព រយៈពេល ២ឆ្នាំ។

លេងបានយ៉ាងល្អក្នុងកំឡុងពេលកម្មវិធីអាហារូបករណ៍ខាងលើ ជាមួយក្លិប Ipswich Town អ្នកគ្រប់គ្រងក្លឹបបានផ្តល់កិច្ចសន្យាដល់គេបន្ទាប់ពីអាហារូបករណ៍ត្រូវបានបញ្ចប់។ ទិន្នន័យពី Transfermarkt បញ្ជាក់ថា Baggott បានចូលរួមជាផ្លូវការនៅខែកក្កដា ឆ្នាំ២០១៩។

Baggott ក៏បានចូលរួមជាមួយក្រុមយុវជន Tottenham Hotspur ក្នុងការប្រកួត U-18 Future Cup ផងដែរ។ ការប្រកួតធ្វើឡើងនៅប្រទេសហូឡង់។

  • Beckham Putra Nugraha៖

Beckham Putra Nugraha បានក្លយជាកូនសោរសំខាន់នៅក្នុងក្រុមរបស់ Shin Tae-yong ។ តួនាទីរបស់ខ្សែបម្រើ Persib Bandung បច្ចុប្បន្ននេះមិនអាចជំនួសបានទេ។

Beckham បានចាប់ផ្តើមទទួលការចាប់អារម្មណ៍ នៅពេលគាត់លេងឲ្យ U-19 ឥណ្ឌូនេស៊ី ជាប្រចាំក្នុងយុគសម័យគ្រូបង្វឹកចាស់។ ខ្សែបម្រើ Persib Bandung នេះក៏ទទួលបានការជឿជាក់ពី លោក Shin Tae-yong ផងដែរ។

រូបគេគឺជាកីឡាករដ៏សំខាន់សម្រាប់ក្រុម U-18 ឥណ្ឌូនេស៊ី ក្នុងការប្រកួត U-18 AFF Cup 2019 ដោយខ្សែបម្រើវ័យ ១៨ឆ្នាំរូបនេះអាចរកគ្រាប់បាល់បាន ៤គ្រាប់។ Beckham ក៏ចាប់ផ្តើមមានឱកាសជាមួយក្លិបផងដែរ។

  • Witan Sulaeman

Witan គឺជាកីឡាករដែល លោក Shin Tae-yong ចាប់អារម្មណ៍ ចាប់តាំងពីលោកបានក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិ U-19 ឥណ្ឌូណេស៊ី កាលពីខែមករាឆ្នាំ ២០២០ ដោយរូបគេមិនដែលបាត់ឈ្មោះឡើយក្នុងការកោះហៅ ៣លើកចុងក្រោយ ក្នុងនាមជាខ្សែបម្រើប្រយុទ្ធ កីឡាកររូបនេះក៏អាចដើរតួជាកីឡាករខ្សែប្រយុទ្ធស្លាបផងដែរ។

រូបគេទីបំផុតត្រូវបានក្លិបនៅលីគកំពូលស៊ែប៊ី Radnik Surdulica ចុះហត្ថលេខានាំទៅរួមក្រុមក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំកន្លះ ប៉ុន្តែលីគនោះប្រទេសនោះត្រូវបផ្អាកដោយសារជំងឺកូវីដ-១៩ ដែលនាំឲ្យរូបគេមានឱកាសបង្ហាញខ្លួន ២លើក បន្ទាប់ពីចំណាយពេលបាន ២ខែកន្លះនៅទីនោះ។

កីឡាកររូបនេះធ្លាប់ជាប់ទាំងឈុត U-19 និង U-23 ដោយឆ្នាំ២០១៧, ២០១៨ កន្លងទៅ បានរួមចំណែក U-19 ឥណ្ឌូនេស៊ី បានលេខ ៣ពានយុវជនអាស៊ាន និងឆ្នាំ២០១៩ កន្លងទៅជួយឲ្យ U-23 ឥណ្ឌូនេស៊ី ឈ្នះជើងឯក ពានយុវជនអាស៊ានអាយុក្រោម ២២ឆ្នាំ (AFF U-22 Championship) ដែលធ្វើឡើងនៅកម្ពុជា និងរងជើងឯក SEA Games 2019 នៅហ្វីលីពីន ផងដែរ។

  • Mochamad Supriadi៖

Supri ដែលគេត្រូវបានស្គាល់ថាជាអតីតសមាជិកនៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ី U-16 ដែលឥឡូវនេះត្រូវបានតំឡើងមកចូលរួមជាក្រុមជម្រើសជាតិឥណ្ឌូនេស៊ី U-19 នៅពេលគេមានអាយុ ១៧ឆ្នាំ រូបគេត្រូវបានជឿជាក់ថានឹងបង្ហាញខ្លួនជាលើកដំបូងជាមួយ Persebaya Surabaya ក្នុងលីគកំពូលឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០១៩។

Supri គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ ដំបូងគេរបស់ Garuda Select ដោយមាន ៩ គ្រាប់។ មតិមួយចំនួនបានពិចារណាស្ទីលលេងរបស់ Supri ស្រដៀងនឹងវីរៈបុរសរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី គឺ Budi Sudarsono (ដែលបង្ហាញខ្លួន ៤៦ប្រកួត ទាត់ចូល ១៦គ្រាប់ឲ្យឥណ្ឌូនេស៊ី)។

  • Jack Brown៖

Jack Brown មិនមែនជាឈ្មោះថ្មីនៅក្នុងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី U-19 ទេ។ គេត្រូវបានគេចាត់ទុកថាជាកីឡាករចាស់ពីព្រោះធ្លាប់ត្រូវបានគេហៅចាប់តាំងពីឆ្នាំ២០១៧។

ទោះយ៉ាងណា Jack រួមជាមួយបងប្រុសរបស់គេ គឺ George Brown តែងតែជាប់គាំងនៅក្នុងដំណើរការជ្រើសរើសចូលក្រុមជម្រើសជាតិ។ នៅឆ្នាំ២០១៧ ពួកគេទាំងពីរមិនអាចទាក់ទាញចិត្ត លោក Indra Sjafri ដែលនៅពេលនោះ លោកនៅជាគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី U-19។

ឈ្មោះ Jack ត្រូវបានបញ្ចូលជាថ្មីម្តងទៀតនៅក្នុងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី U-19 នៅខែមករាឆ្នាំ ២០២០ នៅពេលនោះ Shin Tae-yong បានប្រមូលកីឡាករក្មេងៗដើម្បីនាំទៅជំរុំហ្វឹកហាត់នៅឈៀងម៉ៃ ប្រទេសថៃ។

Jack គឺជាកីឡាកររបស់ Lincoln City U-18។ គេកើតនៅហ្សាកាតា ដោយមានម្ដាយជនជាតិឥណ្ឌូនេស៊ី និងឪពុកជាជនជាតិអង់គ្លេស។

កុមារភាពរបស់ Jack ពិតជាអស្ចារ្យណាស់។ គេត្រូវបានកត់សម្គាល់ថាបានចូលរួមក្នុងសាលាបាល់ទាត់ Manchester United Soccer School (MUSS) នៅឌូបៃ ក្នុងឆ្នាំ២០០៦ ហើយភ្លាមៗនោះគេបានក្លាយជាកីឡាករល្អបំផុត។

ដោយមានអាយុត្រឹមតែ ១៨ឆ្នាំ និងបទពិសោធន៍ជាមួយនឹងអាជីពនៅអង់គ្លេស អនាគតរបស់ Jack នឹងភ្លឺស្វាងជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី U-19។

បញ្ជាក់ថា ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម ១៩ឆ្នាំ ហ្វឹកហាត់នេះដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ (AFC U-19 Championship 2020) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា នៅប្រទេសអ៊ូសបេគីស្ថាន ដោយស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះអ៊ូសបេគីស្ថាន កម្ពុជា និងអ៊ីរ៉ង់៕

 

ប្រភពព័ត៌មាន៖ Bola.com

មតិយោបល់