លីគថៃ ចាប់ផ្ដើមនៅពាក់កណ្ដាលកញ្ញា ហើយអាចបើកឲ្យមានអ្នកគាំទ្រ ១/៤ ចូលទស្សនា

មាស សុផាណារ៉ុង August 14, 2020


 

ថៃ៖ សហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ថាមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) បានអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាការប្រកួតលីគ នៅពេលដែលចាប់ផ្តើមឡើងវិញនៅខែក្រោយ។ សហព័ន្ធកីឡាបាល់ទាត់ថៃ បានបន្ថែមទៀតថា ឥឡូវនេះវាកំពុងស្ថិតក្នុងរង់ចាំការណែនាំបន្ថែមពី CCSA ដើម្បីរៀបចំគោលការណ៍ណែនាំសម្រាប់ទាំងក្លិប និងអ្នកទស្សនា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkokpost។

សកម្មភាពបាល់ទាត់នៅក្នុងប្រទេសថៃត្រូវបានផ្អាកកាលពីខែមីនាឆ្នាំនេះ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ ហើយលីគក្នុងស្រុកគ្រោងនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី១២ ខែកញ្ញា នឹងបញ្ចប់នៅខែឧសភា ឆ្នាំក្រោយ។

សេចក្តីសំរេចរបស់ CCSA ត្រូវបានគេរំពឹងទុកបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ ថ្មីៗនេះបានសន្យាថានឹងស្នើសុំឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យការប្រកួតលីគថៃមានអ្នកចូលទស្សនា នៅពេលលីគចាប់ផ្តើមឡើងវិញ។

លោក Patit Supaphong អគ្គលេខាធិការ FAT កាលពីម្សិលមិញបានសាទរចំពោះការសម្រេចចិត្តដែលបានបញ្ជូនទៅក្រសួងទេសចរណ៍ និងកីឡា កាលពីថ្ងៃច័ន្ទ។

លោក Patit បាននិយាយថា៖ «វាគឺជាដំណឹងល្អមួយសម្រាប់បាល់ទាត់ថៃ ហើយយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីឲ្យមានអ្នកគាំទ្រនៅក្នុងការប្រកួតលីគ។ យើងរំពឹងថានឹងមានការសម្រេចចិត្ត ប៉ុន្តែយើងនៅតែត្រូវរង់ចាំគោលការណ៍ណែនាំជាផ្លូវការពី CCSA។ នៅពេល FAT ព្រាងសំណើរសុំឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យយើងរៀបចំការប្រកួតដោយបិទទ្វារ យើងក៏បានរៀបចំផងដែរដើម្បីអនុញ្ញាតឲ្យចំនួនអ្នកគាំទ្រមានកំណត់នៅទីតាំងដែលមានការប្រកួតលីគ។»

អគ្គលេខាធិការដដែលរូបនេះបន្តទៀតថា៖ «នៅក្នុងសំណើរបស់យើង យើងបានកំណត់ចំនួនអ្នកទស្សនាត្រឹមមួយភាគបួន (១/៤) នៃចំនួនផ្ទុកសរុបក្នុងកីឡដ្ឋាននោះ។ ទោះយ៉ាងណា CCSA និងក្រសួងទេសចរណ៍ និងកីឡាថៃ នឹងមានគំនិតផ្ទាល់ខ្លួនអំពីរបៀបដំណើរការ ដូច្នេះយើងត្រូវរង់ចាំគោលការណ៍ណែនាំជាផ្លូវការ។ ខ្ញុំជឿជាក់ថាផែនការរបស់យើងនឹងអាចដំណើរការបានបន្ទាប់ពីមានការកែប្រែបន្តិច។ អ្វីដែលសំខាន់បំផុតនោះគឺថាយើងអនុញ្ញាតឲ្យមានអ្នកទស្សនាផ្ទាល់នៅពេលដែលលីគថៃចាប់ផ្តើម ពីការប្រកួតជុំទី៥ តទៅ។»

បញ្ជាក់ថា លីគបាល់ទាត់ថៃ បានផ្អាកតាំងពីខែមីនា ក្រោយប្រកួតបានត្រឹម ៤សប្ដាហ៍ បន្ទាប់ពីជំងឺកូវីដ-១៩ បានរីករាតត្បាតយ៉ាងខ្លាំងទាំងនៅប្រទេសថៃ ក៏ដូចជានៅជុំវិញពិភពលោក៕

 

ប្រភព៖ bangkokpost

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់