លីគកំពូលមីយ៉ាន់ម៉ា កំណត់កាលបរិច្ឆេទត្រលប់មកវិញចុងខែសីហា

មាស សុផាណារ៉ុង August 13, 2020


 

មីយ៉ាន់ម៉ា៖ លីគកំពូលមីយ៉ាន់ម៉ា (MNL) រដូវកាល២០២០ ត្រូវបានផ្តល់ភ្លើងខៀវឲ្យដំណើរការឡើងវិញ នៅថ្ងៃទី២២ ខែសីហា។ នេះបើតាមការបញ្ជាក់ដោយលីគបាល់ទាត់មីយ៉ាន់ម៉ា។

នេះដោយយោងតាមកិច្ចពិភាក្សាតាមវីដេអូ ដែលមិនធ្លាប់មានដែលត្រូវបានធ្វើឡើងជាមួយលោកស្រីទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi, សាស្រ្តាចារ្យអចិន្រ្តៃយ៍ក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Thet Khaing Win និងប្រធានសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា Zaw Zaw។

ភ្លាមៗបន្ទាប់ពីការធ្វើសន្និសីទវីដេអូ ការយល់ព្រមត្រូវបានផ្តល់ទៅឲ្យ សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា (MFF) ដើម្បីចាប់ផ្តើមលីគកំពូលមីយ៉ាន់ម៉ា (MNL) រដូវកាល២០២០ ឡើងវិញនៅថ្ងៃទី២២ ខែសីហា ហើយដែលនឹងបញ្ចប់នៅថ្ងៃទី០២ ខែតុលា។

លីគកំពូលមីយ៉ាន់ម៉ា (MNL) រដូវកាល២០២០ បានពន្យាពេលតាំងពីចុងខែមីនា ឆ្នាំ២០២០ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីប្រកួតបានត្រឹម ១០សប្ដាហ៍។

ការចាប់ផ្ដើមរបស់លីគកំពូលមីយ៉ាន់ម៉ា (MNL) រដូវកាល២០២០ នឹងធ្វើឲ្យលីគប្រទេសនេះ ក្លាយជាប្រទេសទី៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបន្តការប្រកួតឡើងវិញ បន្ទាប់ពីវៀតណាម មុនគេ បន្ទាប់មក កម្ពុជា និងឡាវ ប៉ុន្តែបច្ចុប្បន្នលីគបាល់ទាត់វៀតណាម ត្រូវបានផ្អាកជាថ្មីដោយសារវីរុសកូរ៉ូណា ដដែលនេះរាលដាល៕

 

ប្រភពព័ត៌មាន៖ Myanmar National League

មតិយោបល់