គ្រូ U-19 វៀតណាម ខកចិត្តនៅពេលដឹងថាពានយុវជនអាស៊ីអាគ្នេយ៍ត្រូវបានពន្យាពេលទៅឆ្នាំក្រោយ

មាស សុផាណារ៉ុង August 12, 2020


 

វៀតណាម៖ លោក Philippe Troussier គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម អាយុក្រោម១៩ឆ្នាំ បានខកចិត្តយ៉ាងខ្លាំងនៅពេលដែលលោកបានទទួលព័ត៌មានថា សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) នឹងពន្យារពេលការប្រកួតបាល់ទាត់ទាំងអស់នៅអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២០។

ថ្លែងជាមួយសារព័ត៌មាន Zing.vn នៅពេលទទួលបានព័ត៌មានថាការប្រកួតយុវជនអាស៊ីអាគ្នេយ៍ (AFF U-19 Championship) ត្រូវបានពន្យារពេល គ្រូបង្វឹកលោក Philippe Troussier បានលើកឡើងថា៖ “ខ្ញុំក៏បានទទួលដំណឹងពី AFF នៅព្រឹកថ្ងៃទី១១ ខែសីហា។ វាពិតជាគួរឱ្យសោកស្ដាយណាស់ ទោះបីខ្ញុំយល់ថាមូលហេតុមកពីការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ។”

លោក Troussier បានបន្តថា៖ “ទោះយ៉ាងណាខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែមានសុទិដ្ឋិនិយម។ យើងក៏ត្រូវរង់ចាំព័ត៌មានបន្ថែមពីការប្រកួត AFC ផងដែរ។”

លើកឡើងជាមួយសារព័ត៌មាន Myanamr Times កន្លងមក អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា៖ “សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានសម្រេចពន្យាពេលព្រឹត្តិការណ៍ទាំងអស់ដល់ឆ្នាំ២០២១។”

ការប្រកួតកីឡាបាល់ទាត់ដែលត្រូវបានពន្យារគឺរួមមាន ការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ ពានយុវជនអាយុក្រោម ១៦ឆ្នាំ, ១៩ឆ្នាំ ពានរង្វាន់នារី អាយុក្រោម ១៥ឆ្នាំ, ១៨ឆ្នាំ និងនារីឈុតធំ។ ក្រៅពីនេះក៏នៅមានបាល់ទាត់ក្នុងសាល, ក្លិបបាល់ទាត់ក្នុងសាល និងបាល់ទាត់ឆ្នេរខ្សាច់ ក៏ត្រូវពន្យាពេលដូចគ្នា។

AFF ក៏បានពន្យាពេលការប្រកួតធំបំផុតនៅក្នុងតំបន់គឺ AFF Suzuki Cup ផងដែរ ទៅដល់ខែមេសា ឆ្នាំ២០២១។ ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីការពិចារណាជាច្រើនលើកច្រើនសារ ពីក្រុមប្រឹក្សា AFF និងប្រទេសជាសមាជិក ដែលនេះមានន័យថា នឹងមិនមានការប្រកួតគ្រប់កម្រិតអាយុ នៅអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំនេះ៕

 

ប្រភពព័ត៌មាន៖ zingnews.vn

មតិយោបល់