គ្រូថ្មី U-19 ឥណ្ឌូនេស៊ី មកដល់ភ្លាមផ្ដោតលើការបំប៉នអាហារូបត្ថម្ភដល់កីឡាករក្នុងជំរំហ្វឹកហាត់

មាស សុផាណារ៉ុង August 11, 2020


 

ឥណ្ឌូនេស៊ី៖ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម ១៩ឆ្នាំ កំពុងហ្វឹកហាត់ក្រោមសំណាក់គ្រូបង្វឹក Shin Tae-yong ជារៀងរាល់ថ្ងៃនៅកីឡដ្ឋាន Madya Stadium ទីក្រុងហ្សាការតា រួមគ្នាជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ឈុតធំ។

ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម ១៩ឆ្នាំ ហ្វឹកហាត់នេះដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ (AFC U-19 Championship 2020) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា នៅប្រទេសអ៊ូសបេគីស្ថាន ដោយស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះអ៊ូសបេគីស្ថាន កម្ពុជា និងអ៊ីរ៉ង់។

គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះបានពន្យល់ថា៖ «ក្នុងសប្តាហ៍នេះយើងបានផ្តល់នូវការកែលម្អសម្ភារៈក្នុងការហ្វឹកហាត់។ លើសពីនេះទៀត យើងក៏នឹងផ្តល់នូវស្មារតី និងបន្តផ្តល់អាហារូបត្ថម្ភល្អដល់កីឡាករផងដែរ។»

ជាមួយគ្នាផងដែរ កីឡាករសរុបចំនួន ១១នាក់ត្រូវបានជម្រុះចេញពីបញ្ជី ដើម្បីបន្តការហ្វឹកហាត់តាមក្លិបរៀងៗខ្លួន។ «បន្ទាប់ពីទទួលបានព័ត៌មានពីគ្រូបង្វឹក Shin Tae-yong យើងបានបញ្ជូនកីឡាករទាំង ១១នាក់នេះទៅកាន់ក្លិបរៀងៗខ្លួនរបស់គេវិញ។ កីឡាករដែលនៅសល់នឹងបន្តហ្វឹកហាត់ រហូតដល់យើងទៅបរទេស (កូរ៉េខាងត្បូង / អឺរ៉ុប)។» គេហទំព័រ pssi.org បញ្ជាក់។

លោក Iriawan បានណែនាំថាទោះបីពួកគេមិនត្រូវបានជ្រើសរើសក៏ដោយក៏កីឡាករទាំង ១១នាក់ត្រូវរក្សាស្មារតី និងខិតខំប្រឹងប្រែង ព្រោះអាចទៅរួចដែលគ្រូបង្វឹកហៅមកវិញ។

«PSSI នឹងបន្តគាំទ្រដល់កម្មវិធីហ្វឹកហាត់របស់គ្រូបង្វឹក Shin Tae-yong សម្រាប់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ទាំងឈុតធំ និងក្រុម U-19។ យើងសង្ឃឹមថាក្រុមទាំងពីរ ដែលបច្ចុប្បន្នកំពុងដឹកនាំការហ្វឹកហាត់ នៅហ្សាកាតា នឹងបន្តសម្រាប់ទទួលបាននូវវឌ្ឍនភាពល្អ ជាប្រយោជន៍នៃសមិទ្ធិផលរបស់ក្រុមជម្រើសជាតិ។» លោក Iriawan បានបន្ថែមថា។

ជាមួយគ្នានេះគ្រូបង្វឹកក្រុមជម្រើសជាតិ U-19 លោក Shin Tae-yong បាននិយាយថាលោកមិនបានជ្រើសរើសកីឡាករទាំង ១១នាក់ ក្នុងការបន្តជាមួយក្រុមជម្រើសជាតិ។ ទោះយ៉ាងណាលោកនៅតែតាមដានការអភិវឌ្ឍកីឡាករទាំង ១១នាក់នោះ និងកីឡាករដទៃទៀត ដែលមិនត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិ U-19។

លោក Shin Tae-yong បាននិយាយថា៖ «ពួកគេមិនអាចនិយាយបានថាមិនអាចប្រកួតប្រជែងបានទេ ប៉ុន្តែយើងត្រូវតែកាត់បន្ថយ និងជ្រើសរើសកីឡាករដែលនឹងបន្តទៅមជ្ឈមណ្ឌលហ្វឹកហាត់ បន្ទាប់ជាពិសេសនៅបរទេស (កូរ៉េខាងត្បូង / អឺរ៉ុប)។»

 

ប្រែសម្រួលពីប្រភពអត្ថបទ៖ pssi.org

មតិយោបល់