សមាជិកជម្រើសជាតិបង់ក្លាដែស ចំនួន ១៨នាក់ និងមន្ត្រីម្នាក់ តេស្តវិជ្ជមានកូវីដ-១៩

មាស សុផាណារ៉ុង August 8, 2020


 

បង់ក្លាដែស៖ កីឡាករ ១៨នាក់ និងមន្ត្រីម្នាក់ ដែលមកពីក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែស បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ដែលបណ្ដាលមកពីវីរុសកូរ៉ូណា។ នេះបើតាមការបញ្ជាក់ដោយសហព័ន្ធកីឡាបាល់ទាត់បង់ក្លាដែស។

ជម្រើសជាតិបង់ក្លាដែស កាលពីឆ្នាំ២០១៩ ប្រកួតជាមួយជម្រើសជាតិកម្ពុជា

ការឆ្លងជំងឺនេះត្រូវបានបញ្ជាក់បន្ទាប់ពីកីឡាករ ២៤នាក់ ក្នុងចំណោម ៣៦នាក់ ដែលបានចូលរួមជំរុំហ្វឹកហាត់ដែលរៀបចំឡើងដោយគ្រូបង្វឹកជនជាតិអង់គ្លេស លោក Jamie Day ត្រូវបានធ្វើតេស្តមុនចូលជំរំហ្វឹកហាត់។

ដើមឡើយកីឡាករ ១១នាក់ត្រូវបានរាយការណ៍ថាវិជ្ជមានកូវីដ-១៩ ខណៈនៅថ្ងៃសុក្រម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់បង់ក្លាដែស (BFF) ទទួលបានរបាយការណ៍ថ្មីពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Bangabandhu Sheikh Mujib (BSMMU) ដែលបានបញ្ជាក់ថាកីឡាករ ៧នាក់ និងមន្ត្រីម្នាក់ទៀត បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ នោះមានន័យថា កីឡាករសរុបចំនួន ១៨នាក់ និងមន្ត្រីម្នាក់ មានលទ្ធផលវិជ្ជមាន ខណៈបច្ចុប្បន្ននេះពួកគេត្រូវស្ថិតនៅដាច់ដោយឡែក និងក្រោមការសង្កេតរបស់គណៈកម្មាធិការវេជ្ជសាស្ត្ររបស់សហព័ន្ធ (BFF) ដោយកីឡាករទាំងអស់ និងមន្ត្រីម្នាក់ ដែលវិជ្ជមានកូវីដ-១៩ នោះ នឹងត្រូវឆ្លងកាត់ការធ្វើតេស្តមួយទៀតនៅថ្ងៃច័ន្ទក្រោយ។

ទោះបីជាបែបនេះក្ដី សហព័ន្ធកីឡាបាល់ទាត់បង់ក្លាដែស សង្កត់ធ្ងន់លើសកម្មភាពហ្វឹកហាត់ក្រុមជម្រើសជាតិនឹងត្រូវអនុវត្តតាមការគ្រោងទុក។

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់បង់ក្លាដែស លោក Md Abu Nayeem Shohag បាននិយាយកាលពីថ្ងៃសុក្រថា៖ “គ្មាននរណាម្នាក់ក្នុងចំណោមពួកគេមានរោគសញ្ញាណាមួយមុនពេលមកធ្វើតេស្តនេះទេ។”

ជំរំហ្វឹកហាត់កំពុងត្រៀមសម្រាប់វគ្គជម្រុះប្រចាំទ្វីបអាស៊ី សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២ (FIFA World Cup Qatar 2022) និងជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៣ (AFC Asian Cup China 2023) ដោយប្រទេសបង់ក្លាដែស គ្រោងនឹងបន្តយុទ្ធនាការប្រកួតពូល E របស់ពួកគេនៅខែតុលា។ ក្រុមរបស់លោក Jamie Day នឹងត្រូវជួបអាហ្វហ្គានីស្ថាន នៅថ្ងៃទី០៨ ខែតុលា បន្ទាប់មកជួប កាតា (១៣ តុលា) ឥណ្ឌា (១២ វិច្ឆិកា) និងចុងក្រោយអូម៉ង់ (១៧ វិច្ឆិកា)៕

 

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់បង់ក្លាដែស

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់